
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះការអនុម័តវិសោធនកម្មចំនួន៤ ដែលសំដៅដកហូតអាសនៈបក្សប្រឆាំងទៅឲ្យបក្សផ្សេងទៀត និងស្នើឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលធ្វើឡើងស្របពេលរដ្ឋសភាកម្ពុជា បានអនុម័តវិសោធនកម្មច្បាប់ចំនួន៤ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា អាមេរិក បានទាមទារសាជាថ្មីឲ្យមានការដោះលែងលោក កឹម សុខា និងថា ការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់ គឺមានតែបង្កឲ្យកាន់តែមានអស្ថិរភាពយូរអង្វែងច្រើនលើសមុន មិនមែនតិចជាងមុន ដូចដែលប្រវត្តិសាស្ត្របានបង្ហាញស្រាប់។
ប្រភពបន្តថា “យើងមានការព្រួយបារម្ភជាខ្លាំង ចំពោះការអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋសភាកម្ពុជា។ ប្រសិនបើជាត្រូវបានផ្តល់សច្ចាប័ន វិសោធនកម្មទាំងនេះ ស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧”។
បន្ថែមលើសពីនេះ អាមេរិក ក៏បានជំរុញឲ្យមន្រ្តីរាជរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃចំណាត់ការថ្មីៗរបស់ពួកគេឡើងវិញផងដែរ៕

