Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: មន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋានម្នាក់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងសម្លាប់ស្ត្រីម្នាក់បំបិទមាត់ដោយសារតែជំពាក់បំណុលចំនួន ២៥.០០០ដុល្លារមិនព្រមសង។

ឥឡូវនេះ ជនដៃដល់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង និងបញ្ជូនបន្តទៅតុលាការធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។

មន្ត្រីនគបាលបានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ប្លុង ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាអនុប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នាក់នៅផ្ទះលេខ១០ និងលេខ១២ នៅបុរីពិភពថ្មីសែនសុខ ផ្លូវលេខ១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកបក្ខពួកជនដៃដល់២នាក់ទៀត បានរត់គេចខ្លួនក្រោយពីប្រព្រឹត្តអំពើព្រៃផ្សៃលើជនរងគ្រោះជានារីភេទ។

តាមវីដេអូរឃ្លីបរយៈពេល១នាទី និង៤១វិនាទី នៅកន្លែងកើតហេតុបានបង្ហាញនូវសកម្មភាពរបស់ក្រុមជនដៃដល់វាយតប់ បោចសក់ ទាត់ ធាក់ ជនរងគ្រោះផ្ទប់នឹងឥដ្ឋការ៉ូ ច្របាច់ករ យ៉ាងព្រៃផ្សៃរគ្មានក្ដីមេត្តាអ្វីបន្តិចសោះ កុំតែបានម្ចាស់ហាង និងសន្តិសុខបុរីទៅជួយទាន់ពេលវេលា កុំអីស្ត្រីរងគ្រោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតក៏ថាបាន។

ហេតុការណ៍ដ៏ព្រៃផ្សៃររបស់ក្រុមជនដៃដល់ធ្វើទៅលើជនរងគ្រោះនេះ បានកើតឡើងតាំងពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ នៅចំណុចភោជនីដ្ឋានមួយ ទល់មុខនឹងបុរីអង្គរភ្នំពេញ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាល និងព្រះរាជអាជ្ញាអមតុលាការ ទើបព្រះរាជអាជ្ញាបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់អនុវត្តតាមច្បាប់។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេវាយប៉ុនប៉ងសម្លាប់បំបិទមាត់នេះ គឺដោយសារតែជនដៃដល់ជំពាក់ប្រាក់ឈ្មោះ ស រ ភេទស្រី អាយុ២៨ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ជនដៃដល់ឈ្មោះ ប្លុង ពិសិដ្ឋ ដែលជាអ្នកជំពាក់ប្រាក់ជនរងគ្រោះ បានណាត់ជនរងគ្រោះឲ្យចេញទៅក្រៅដើម្បីនិយាយគ្នា ដោយឈ្មោះ ប្លុង ពិសិដ្ឋ បើករថយន្ត ម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-4800 ទៅដឹកជនរងគ្រោះនៅផ្សារសុីឡឹប ហើយបើកទៅសង្កាត់ភ្នំពេញថ្មីដឹកមិត្តភ័ក្តិឈ្មោះ គង់ ស្រ៊ីន យកទៅភោជនីដ្ឋានមួយកន្លែង នៅទល់មុខបុរីអង្គរភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅពេលទៅដល់មិនទាន់បាននិយាយគ្នារឿងលុយជំពាក់ផង ជនរងគ្រោះក៏បានសុំឈ្មោះ ប្លុង ពិសិដ្ឋ មកផ្ទះមួយភ្លែតដោយសារមានធុរៈបន្ទាន់។ លុះដល់ម៉ោងប្រមាណ៩ និង២០នាទីយប់ ទើបជនរងគ្រោះត្រឡប់មកវិញ ក៏ឃើញឈ្មោះ ប្លុង ពិសិដ្ឋ ឈ្មោះ គង់ ស្រុីន និងបក្ខពួកម្នាក់ទៀតឈ្មោះ ខៀវ នៅអង្គុយចាំដដែល។

ប្រភពព័តមានបានឲ្យដឹងទៀតថា ពេលជនរងគ្រោះត្រឡប់មកវិញមិនទាន់បានអង្គុយចុះផង ស្រាប់តែឈ្មោះ ប្លុង ពិដិដ្ឋ ស្ទុះទៅវាយជនរងគ្រោះកណ្ដាលមុខបណ្ដាលឲ្យដួល ហើយបន្តវាយបោចសក់ ចាប់បោកផ្ទប់នឹងតុ បោកផ្ទប់នឹងឥដ្ឋការ៉ូ ចាប់ច្របាច់កជនរងគ្រោះ បំណងសម្លាប់ចោល បណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញហាង។ ឃើញសកម្មភាពព្រៃផ្សៃដូច្នេះ ម្ចាស់ហាង និងអ្នករត់តុ បានចូលទៅជួយអន្តរាគម ទើបក្រុមជនដៃដល់រត់គេចខ្លួនពីកន្លែងកើតហេតុបាត់អស់ទៅ។ លុះដល់ថ្ងៃទី៧ ខែកញ្ញា ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យជួយរកយុត្តិធម៌៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor