
ភ្នំពេញៈ បុរសម្នាក់ យកសាំងមួយដបមកចាក់ដុតផ្ទះរបស់ប្រជាពលរដ្ឋនៅជាន់ទី៣ ហើយជិះម៉ូតូរត់ធ្វើឲ្យមានភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា ដេញតាមរហូតដល់ខណ្ឌដូនពេញ ទើបឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១៖៤០នាទី យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២១៧ ផ្ទះលេខ២២០E3 ស្ថិតក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានត្រឡប់មកពីខាងក្រៅ នៅវេលាម៉ោង១១៖៣០នាទីយប់ ដោយនៅក្នុងផ្ទះមានគ្នា៤ទៅ៥នាក់ មានទាំងក្មេងទាំងចាស់ ខណៈនោះគាត់ឮសំឡេងជនសង្ស័យឈ្លោះប្រកែកគ្នានៅក្បែរផ្ទះ។ លុះមកដល់វេលាកើតហេតុ ជនសង្ស័យបានរត់ឡើងមកមុខផ្ទះរបស់គាត់ ហើយបានស្រែកសួរថា “ផ្ទះហ្នឹង ផ្ទះក្មួយពូឡុងមែន?” រូបគាត់ក៏បានឆ្លើយថា “មិនមែនទេ“។ គាត់បន្តទៀតថា ពេលឆ្លើយរួចហើយ ជនសង្ស័យនៅតែសួរដដែលៗ ហើយមិនដឹងយ៉ាងម៉េច ជនសង្ស័យបានយកសាំង និងក្រណាត់ដាក់ចូលគ្នា ហើយដុតតែម្តង ធ្វើឲ្យមានអណ្តាតភ្លើងឆាកឆេះយ៉ាងខ្លាំង ប៉ុន្តែសំណាងល្អ ដែលភ្លាមៗនោះ មានបងប្អូនប្រជាពលរដ្ឋជិតខាង រួមជាមួយនឹងក្រុមគ្រួសារគាត់ជួយយកទឹកមកបាញ់ពន្លត់ទាន់ពេលវេលា ដោយគ្រាន់តែបណ្តាលឲ្យផ្ទះរបស់គាត់ខូចខាតបន្តិចបន្តួច តែមិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ។
ប្រភពដដែលបន្ថែមថា បន្ទាន់ពីជនសង្ស័យធ្វើសកម្មភាពរួច បានរត់ឡើងម៉ូតូជិះគេចខ្លួន ប៉ុន្តែភា្លមៗនោះ បានភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា ក៏នាំគ្នាដេញតាមចាប់ជនសង្ស័យរហូតដល់ផ្លូវលេខ៤៩ ក្នុងខណ្ឌដូនពេញ ទើបជនសង្ស័យផ្ដួលម៉ូតូចោល ហើយរត់ឡើងទៅផ្ទះរបស់គេផ្សេងទៀត ដែលបន្សល់ទុកម៉ូតូចោលនៅខាងក្រោម ទើបសមត្ថកិច្ចខណ្ឌដូនពេញ ចុះមកដល់សហការជាមួយសមត្ថកិច្ចខណ្ឌ៧មករា នាំគ្នាឡើងទៅអន្តរាគមន៍តាមចាប់ជនសង្ស័យមកវិញ ប៉ុន្តែជនសង្ស័យបានរត់គេចចេញបាត់ខ្លួនពីផ្លូវម្ខាងទៀត ទៅហើយ។
ក្រោយមក កម្លាំងសមត្ថកិច្ចទាំង២ខណ្ឌ ក៏បានដកមកវិញ ប៉ុន្តែជនសង្ស័យនៅតែគេចមិនផុត ដោយត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ធ្វើការប្រដេញចាប់ និងឃាត់ខ្លួនបាននៅក្នុងខណ្ឌ៧មករា ហើយនាំខ្លួនជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនាំ ហើយនិងធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕


