
រុស្ស៊ី៖ ហេតុការណ៍ឆាបឆេះនៅឯផ្សារផ្គត់ផ្គង់បរិក្ខារដ៏មមាញឹកមួយ នៅភាគពាយ័ព្យទីក្រុងមូស្គូ ដែលបានបំផ្លាញហាងច្រើនជាង ១២០០កន្លែង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចេញផ្សាយនាយប់ថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១៧។
អ្នកនាំពាក្យផ្នែកសេវាសង្គ្រោះបន្ទាន់រុស្ស៊ីលោក Sergey Poletykin បានប្រាប់ឲ្យដឹងថា ផ្សារទំនើប Sindika ដែលមានទំហំប្រហែល ៦ម៉ឺនម៉ែត្រការ៉េ ត្រូវផ្ទុះឆាបឆេះភ្លាមៗ ដែលបណ្ដាលឲ្យមនុស្សម្នាក់ទទួលរងរបួស ដោយសារផ្សែងអគ្គីភ័យ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ នៅរសៀលម្សិលមិញ។ ប្រជាជនប្រហែល ៣ពាន់នាក់ ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុភ្លាម ដោយក្រុមមន្ត្រីសង្គ្រោះបន្ទាន់។


ទន្ទឹមនឹងនេះ ឧទ្ធម្ភាគចក្រចំនួន ០៣គ្រឿងត្រូវបានដាក់ពង្រាយ ដើម្បីដោះស្រាយបញ្ហាអគ្គីភ័យនេះ និងប្រើប្រាស់ទឹកប្រមាណ ២៣០តោន សម្រាប់ពន្លត់ភ្លើងឲ្យរលត់ទាំងស្រុង៕