
ខណៈរូបអាក្រាតកាយសពតារាចម្រៀងសាន ស្រីឡៃ ត្រូវបានបណ្តាអ្នកលេងបណ្តាញសង្គមហ៊ុក ចែកចាយយ៉ាងកក្រើកនោះ រូបភាពនេះត្រូវគេសង្ស័យថា មានប្រភពមកពីក្រុមមន្ត្រីប៉ូលិសកោសល្យវិច័យសាកសព ហើយទង្វើនេះកំពុងត្រូវបានមហាជនរិះគន់ជាខ្លាំង ។ ស្រាប់តែនៅព្រឹកថ្ងៃទី១៨ តុលា លោកនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការក្ដៅតាមផ្លូវច្បាប់ ទៅលើមន្ត្រីកោសល្យវិច័យ រួមនឹងបុគ្គលនគរបាលដែលមានចំណែកក្នុងរឿងនេះ។

ទន្ទឹមនឹងការចេញមុខប្រតិកម្មលើរឿរ៉ាវខាងលើលោក ជួន សុវណ្ណ បានបញ្ជាក់ថា “ខ្ញុំកំពុងតាមស្រាវជ្រាវចំពោះបុគ្គលមន្ត្រីនគរបាលទាំងនោះ បើសិនប្រព្រឹត្តទង្វើបែបនេះមែន ខ្ញុំមិនលើកលែងឱ្យនោះទេ គឺនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុត មិនលើកលែងឲ្យឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សព ហើយក៏វាប៉ះពាល់ចំពោះវិជ្ជាជីវៈ និងក្រមសីលធម៌របស់មន្ត្រីនគរបាលយើង” ។

ស្របពេលដែលរូបភាពសពតារាចម្រៀង សាន ស្រីឡៃ សើយអាវ អាក្រាតល្វែងលើ ដែលជារូបភាពបញ្ជាក់ពីសកម្មភាពកោសល្យវិច័យរបស់មន្រ្តីនគរបាលត្រូវបានបែកធ្លាយនោះ ធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមហ្វេសហ៊ុករិះគន់ និងមានកំហឹងយ៉ាងខ្លាំង ដោយមតិភាគច្រើនយល់ថា នេះជាអំពើហួសចិត្តសម្រាប់មន្ត្រីកោសល្យវិច័យ ជាពិសេសអ្នកថតរូបតែម្តង ព្រោះទង្វើនេះប៉ះពាល់កិត្តិយសរបស់សព និងខុសក្រមសីលធម៌វិជ្ជាជីវៈនគរបាលផងដែរ៕

