
នាវាពិឃាដកូរ៉េខាងត្បូង Aegis ចំនួន០២គ្រឿង នាវាចម្បាំងអាមេរិក ចំនួន០២គ្រឿង និងនាវាចរណ៍ជប៉ុន បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា រយៈពេលពីរថ្ងៃ ចាប់ផ្ដើមកាលពីថ្ងៃចន្ទ សម្រាប់ជាសារផ្ញើទៅកូរ៉េខាងជើង។

នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧។អ្នកជំនាញស៊ើបការណ៍សម្ងាត់អាមេរិក លោក John Kiriakou បានចង្អុលបង្ហាញថាការធ្វើសមយុទ្ធនេះ មានគោលបំណងពង្រឹងសមត្ថភាពការពារពីការវាយប្រហារមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងត្រៀមបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 សម្រាប់ជាការដាស់តឿន បូករួមនាវាផ្ទុកយន្តហោះ នាវាចម្បាំង និងទាហាន ដើម្បីធ្វើប្រតិបត្តិការពិសេស។

លោក Kiriakou បាននិយាយថា “សមយុទ្ធលើកចុងក្រោយបំផុត ត្រូវបានរៀបចំឡើង ដើម្បីត្រៀមទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ ជាច្រើនលើកច្រើនសាររបស់ទីក្រុងព្យុងយ៉ាង ស្របតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខលើកទី៤៨ រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នៅខែតុលា ឆ្នាំ២០១៦”។

គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe គឺជាមេដឹកនាំមួយរូប ក្នុងចំណោមមេដឹកនាំមួយចំនួន ដែលមានទំនាក់ទំនងការងារជាប្រចាំ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហើយរឿងនេះដើរតួជាសារ ដែលត្រូវបានបញ្ជូនទៅកូរ៉េខាងជើង ដោយសមយុទ្ធនេះផងដែរ៕
