
កំពង់ចាមៈ ពរកូនអាយុ២ឆ្នាំកន្លះ ទៅលោតទឹកពីលើស្ពានគីហ្សូណា ដោយមិនមានមូលហេតុអ្វីសោះនោះ ត្រូវបានគេជួយសង្រ្គោះនិងសមត្ថកិច្ចហៅទៅសួនាំ ចំណែកកូនប្រុសរាវរកមិនឃើញនោះទេ កាលពីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ចំណុចលើស្ពានគីហ្សូណា ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០-១១ ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក រស់ ម៉ុងសេង អធិការរងស្តីទីក្រុងកំពង់ចាមបានប្រាប់ឲ្យដឹងថា បុរសជាឪពុក ឈ្មោះ ស៊ូ សានិត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិទូលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ មុនកើតហេតុ បានបើករថយន្ត១គ្រឿងដឹកទឹកសុទ្ធ មកដល់លើស្ពានគីហ្សូណា ក៏ឈប់រថយន្ត រួចចុះឱបទាំងកូនប្រុសឈ្មោះ ស៊ូ ថានុ អាយុ២ឆ្នាំកន្លះ លោតពីលើស្ពាន ចូលទៅក្នុងទឹកទាំងមិនដឹងមូលហេតុ។ ហើយក្រោយកើតហេតុ ត្រូវបានក្រុមអ្នកនេសាទសង្រ្គោះបានឪពុក ចំណែកកូន រកមិនទាន់ឃើញទេ។
ប្រភពពីប្រពន្ធ និងក្រុមគ្រួសាររបស់ជនខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមិនមានភាំពចំរូងចំរះនោះទេ។ ឯបុរសដែលលោតទឹកខាងលើបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឲ្យខ្លួនធ្វើបែបនេះ ព្រោះពេលដែលខ្លួនបើករថយន្តមកដល់លើស្ពានស្រាប់តែស្ពឹកៗមុខ ហើយក៏ឈប់រថយន្ត រួចឱបកូនលោតចុះទឹកតែម្តង។
ទាក់ទងនឹងសកម្មភាពរបស់បុរសជាឪពុករូបនេះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដែលដឹងហេតុការណ៍ដាក់ការសង្ស័យថា ប្រហែលមានទំនាស់ផ្ទៃក្នុងគ្រួសារ៕



