
កណ្ដាលៈ តុលាការខេត្តកណ្តាល សម្រេចផ្តន្ទាទោសក្រុមចោរប្លន់ក្រៃ ថោង ឆ្លងខេត្ត និងបក្ខពួកជាច្រើននាក់ ដាក់ពន្ធនាគាម្នាក់៨ឆ្នាំ។នេះបើតាម លោក សាយ សម្ផស្សសេរី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តកណ្ដាលឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ ហើយតុលាការ បើកសិទ្ធិឱ្យជនជាប់ចោទប្តឹងឧទ្ធរណ៍ ប្រសិនបើមិនពេញចិត្តនឹងសេចក្ដីសម្រេចនេះ។
ក្រុមចោរប្លន់ទាំងនេះ ត្រូវបានសមត្ថកិច្ចអះអាងថា ធ្លាប់ធ្វើសកម្មភាពប្លន់ជាច្រើនលើកច្រើនសារ និងប្លន់ឆ្លងខេត្តថែមទៀតផង។
ប្រភពព័ត៌មានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ហ៊ុល សុធីហៅ ផាន់ គឹមយន់ ហៅក្រៃថោង និង បក្ខពួកជាច្រើននាក់ទៀត ត្រូវបានចោទប្រកាន់ពីបទ"លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា" ប្រព្រឹត្តនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ តាមមាត្រា៣៥៣និង៣៥៧នៃក្រមព្រហ្មទណ្ឌ។

លោក រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្ដាល ធ្លាប់ថ្លែងថា ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ទ្រង់ទ្រាយធំនេះ ក្រោយពីកើតមានករណីប្លន់ប្រដាប់អាវុធ ផ្ទុះផ្ទេរប្រាក់វីង ក្នុងភូមិសាស្ត្រឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ។
ក្រុមចោរប្លន់ទាំងនេះ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងភូមិសាស្ត្រខេត្ដកណ្ដាល ខេត្ដកំពង់ចាម និងរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្ដិការបង្រ្កាបនេះសមត្ថកិច្ច ដកហូត កាំភ្លើងខ្លី ម៉ាកK59 មួយដើមនិងម៉ូតូ៥គ្រឿង ជាមធ្យោបាយប្រព្រឹត្តបទល្មើស៕





