
កណ្ដាលៈ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ថា កុំជឿសន្យាខ្យល់ របស់បក្សប្រឆាំង ដែលធាតុពិត គឺជាការលូកដៃពីបរទេស ដើម្បីផលចំណេញនយោបាយ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ និងនាំឲ្យប្រទេសជាតិមានវិបត្តិ។
មានប្រសាសន៍បែបនេះ ខណៈលោកអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលក្រុមការងារ ជាសមាជិកសមាជិការបក្ស និងប្រជាពលរដ្ឋក្នុង ឃុំសំពៅពូន និងឃុំកោះធំ “ខ” នៅស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧។
លោក ស៊ុន ចាន់ថុល បានថ្លែងថា "ប្រជាពលរដ្ឋនាំគ្នាធ្វើអំពើល្អ ចេះជួយគ្នាទៅវិញទៅមក ហើយកុំជឿសន្យាខ្យល់ របស់ក្រុមបក្សមួយចំនួន ដែលធាតុពិត គឺជាការលូកដៃពីបរទេស ដើម្បីផលចំណេញនយោបាយ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ប្រទេសជាតិមានវិបត្តិ"។
នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រីបានបន្ថែមថា ទំនាក់ទំនងល្អរវាង កម្ពុជា-ចិន ដែលអាចអនុញ្ញាត ឲ្យកម្ពុជានាំអង្ករ៣០ម៉ឺនតោន ក្នុង១ឆ្នាំទៅលក់ នៅប្រទេសចិន។ រាជរដ្ឋាភិបាលចរចាជាមួយដៃគូបរទេស ដើម្បីបង្កើនតម្លៃកសិផលកម្ពុជា នាំចេញក្រៅប្រទេស។
លោកបន្ដទៀតថា ការៀបចំ និងកសាងរោងម៉ាស៊ីនកិនស្រូវ និងឡសម្ងួតស្រូវ ដើម្បីអាចស្តុកទុកស្រូវអង្ករបានយូរ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាបន្តបន្ទាប់។
លោកបានគូសបញ្ជាក់ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង លើការផ្តល់ជូននូវប្រាក់ខែកម្មកររោងចក្រ ចាប់ពីដើមឆ្នាំ២០១៨ គឺយ៉ាងតិចទទួលបាន ១៧០ដុល្លារក្នុងមួយខែ ដែលមានអត្រាខ្ពស់ជាងប្រទេសជាច្រើនក្នុងតំបន់។
ដោយឡែក ការផ្តល់សេវារថយន្តក្រុង ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ជូនកម្មករកម្មការិនី ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ៕







