
ប៉ៃលិនៈ យុវជនម្នាក់ ត្រូវកម្លាំងនគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្ដិ៍ស្ទឹងកាច់ ឃាត់ខ្លួន កាលពីវេលាម៉ោង៧ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីរូបគេធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ បានសម្រេច។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជី ប៉ាវ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ.រ.ក អាយុ១២ឆ្នាំ សិស្ស រស់នៅភូមិ/ឃុំ ជាមួយគ្នា។
យោងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល និងស្ដាប់ការបំភ្លឺជនរងគ្រោះថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យបានហៅក្មេងរងគ្រោះមកកោសខ្យល់ឲ្យខ្លួន នៅចំណុចតូបលក់បបរ ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ ក្រោយកោសខ្យល់រួច ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច។
ក្រោយទទួលបណ្ដឹងរួច កម្លាំងសមត្ថកិច្ចជំនាញ ក៏បានតាមចាប់ឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការស្រុក ដើម្បីងកសាងសំណុំរឿងចាត់ការតាមនីរិវិធីច្បាប់ ៕

