
ការស៊ើបអង្កេតសម្ងាត់មួយ បានរកឃើញថា អាហារសមុទ្រត្រូវបានបញ្ជូនទៅផ្សារទំនើប នៅទ្វីបអឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក ដែលរៀបចំដោយកម្មករកូរ៉េខាងជើង ដែលប្រាក់ខែរបស់ពួកគេ ត្រូវបានប្រើជាមូលនិធិដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ គីម ជុងអ៊ុន។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។

នេះបើយោងតាមការស៊ើបអង្កេតប្រធានវិទ្យាស្ថានជាតិជលផលអាមេរិកលោក John Connelly បាននិយាយថា កម្មករកូរ៉េខាងជើង កំពុងធ្វើការនៅក្រៅប្រទេសត្រូវបង់លុយដល់របប គីម ជុងអ៊ុន រហូតដល់ទៅ ៧០ភាគរយនៃប្រាក់ឈ្នួលរបស់ពួកគេ ហើយគេប៉ាន់ស្មានថា ពលកម្មទាសករ ប្រមូលប្រាក់ចំណូលពី ១៥១ ដល់៣៧៧លានដុល្លារ ក្នុងមួយឆ្នាំ។
ប្រទេសចិន និងក្រុងព្យុងយ៉ាង បានព្រមព្រៀងគ្នា កាលពីប៉ុន្មានឆ្នាំមុន ដើម្បីអនុញ្ញាតឲ្យរោងចក្រនានា ចុះកិច្ចសន្យាការងារជាមួយកម្មករកូរ៉េខាងជើង ថា ជាពលករ ដែលមានតម្លៃថោកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា នៅក្រោមច្បាប់ថ្មីដែលអនុម័តដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនត្រូវបានអនុញ្ញាតឲ្យនាំចូលផលិតផល ដែលផលិតដោយកម្មករកូរ៉េខាងជើងនៅគ្រប់ទីកន្លែងក្នុងពិភពលោក នៅពេលដែលលោក នៅតែបន្តចូលរួមសង្គ្រាមពាក្យសម្ដីជាមួយ គីម ជុងអ៊ុន៕