Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺលោក សំ សុគង់ បានថ្លែងក្រោយបញ្ចប់សវនាការលើលោក កឹម សុខា នៅថ្ងៃត្រង់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ថា ក្រុមមេធាវីការពារក្ដី មិនអាចទទួលយកបានទេ ចំពោះការសម្រេចបន្តឃុំខ្លួនលើកូនក្តីរបស់ខ្លួនពីសំណាក់តុលាការកំពូល។

លោកមេធាវី សំ សុគង់ បានថ្លែងបន្តថា តុលាការកំពូល មិនបានយកអ្វីដែលក្រុមមេធាវីការពារក្ដី លើកឡើងមកពិចារណា និងសម្រេចតាមនោះឡើយ។

លោក សំ សុគង់ បញ្ជាក់ថា “យើងគិតថា សេចក្ដីសម្រេចរបស់តុលាការកំពូល ថ្ងៃនេះ ក្រុមមេធាវីការពារឲ្យឯកឧត្ដម កឹម សុខា ផ្ទាល់ទាំងអស់ គឺយល់ឃើញថា មិនអាចទទួលយកបានទេ ហើយសេចក្ដីសម្រេចនេះ មិនបានផ្ដល់ភាពយុត្តិធម៌ ចំពោះឯកឧត្ដម កឹម សុខា ទេ”

ពាក់ព័ន្ធនឹងបញ្ហានេះ លោកថា ក្រុមមេធាវីនឹងជួបប្រជុំគ្នា ដើម្បីរកវិធីធ្វើយ៉ាងណាឲ្យលោក កឹម សុខា ត្រូវដោះលែងឲ្យមានសេរីភាពក្នុងពេលឆាប់ៗខាងមុខ។

ជាមួយគ្នានោះដែរ លោកមេធាវី ក៏បានស្នើសុំឲ្យតុលាការ និងអ្នកអនុវត្តន៍ច្បាប់ គួរតែមានការអនុវត្តន៍ច្បាប់ និងបកស្រាយច្បាប់ឲ្យបានតឹងរឹង កុំឲ្យមានការតូចចង្អៀត និងធ្វើការបកស្រាយទៅតាមអ្វីដែលខ្លួនយល់ឃើញ។

សូមបញ្ជាក់ថា ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ តុលាការថ្នាក់កំពូលរបស់កម្ពុជា បានដំណើការសវនាការលើសំណុំរឿងក្តីរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលសវនាការនេះ ធ្វើឡើងតាមបណ្តឹងរបស់ក្រុមមេធាវីរបស់លោក កឹម សុខា ដែលបានប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ហើយសវនាការនាព្រឹកនេះដែរ មិនមានវត្តមានរបស់លោក កឹម សុខា នោះទេ។

សវនាការនេះ ដឹកនាំដោយលោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងជាតំណាងមហាអយ្យការ។ នៅក្នុងអំឡុងនៃសវនការនេះ ទោះបីគ្មានវត្តមានលោក កឹម សុខា តែគេសង្កេតឃើញនៅតាមបណ្តាផ្លូវ និងជុំវិញបរិវេណតុលាការកំពូល កម្លាំងសមត្ថកិច្ចចម្រុះ រួមានសន្តិសុខប្រជាការពារខណ្ឌដូនពេញ ជាច្រើនត្រូវបានដាក់រឹតបន្ដឹងយ៉ាងតឹងរឹង ហើយក៏មានបិទដងផ្លូវមួយចំនួនផងដែរ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា នៅក្នុងឱកាសសវនាការនេះ នឹងមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំនៅមុខតុលាការទេ បើទោះបីជាស្ថិតក្នុងទ្រង់ទ្រាយណាមួយក៏ដោយ ហើយលោកបានអំពាវនាវឲ្យសមត្ថកិច្ចទាំងអស់ ត្រូវប្រយ័ត្នប្រយែងចំពោះបុគ្គលណាក៏ដោយ ក្នុងការដែលមានបំណងចង់មករំខានការអុកឡុកពេលបើកសវនាការរឿងក្តីលោក កឹម សុខា ត្រូវហាមដាច់ខាតមិនឲ្យមានការប្រមូលផ្ដុំនៅមុខតុលាការ ហើយបើនៅតែប្រឈមនោះ យើងនឹងត្រូវអនុវត្តន៍ច្បាប់ភា្លមៗតែម្ដង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក កឹម សុខា ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ “ក្បត់ជាតិ”។ ក្រោយការសម្រេចរបស់សាលាដំបូង ក្រុមមេធាវី ក៏បានប្តឹងប្រឆាំងការសម្រេចនេះ ទៅសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍ បើកសវនាការជំនុំជម្រះក្តី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ។ តែជាលទ្ធផល លោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរ បានសម្រេចតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor