
ភ្នំពេញៈ សភាសហភាពអឺរ៉ុប (EU) បានសម្ដែងការព្រួយបារម្ភចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិជាពិសេសការរំលាយបក្សនេះតែម្ដង។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងគណៈប្រតិភូសភាអឺរ៉ុប លោក Werner Langen ដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងរូបិយ៍វត្ថុ នៅព្រឹកថ្ងៃទី៣១ តុលានេះ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា EU បានកោតសរសើរចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា ដែលមានការរីកចម្រើន គួរឲ្យកត់សម្គាល់ ជាពិសេស EU នឹងបន្តជួយកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
លោក លុយ ដាវីត បញ្ជាក់ថា “ក្រៅពីបញ្ហានេះ EU ក៏បានលើកពីការព្រួយបារម្ភ ចំពោះសភាពការណ៍នៅកម្ពុជាផងដែរ គឺបញ្ហាការចាប់ខ្លួនលោក កឹម សុខា ហើយការរំលាយគណបក្សសង្គ្រោះជាតិ” ។
ក្រោយបង្ហាញការព្រួយបារម្ភនេះ លោក ហោ ណាំហុង បានពន្យល់យ៉ាងលម្អិតពីសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា រឿងការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ដល់គណៈប្រតិភូ EU ។ ក្រោយស្ដាប់ការពន្យល់ EU ក៏បានយល់ពីសភាពការណ៍មួយនេះ ។

សូមរំលឹកថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ ៕

