
កោះកុងៈ មន្រ្តីអាជ្ញាធរមូលដ្ឋាននិយាយថា ក្នុង១ថ្ងៃ យ៉ាងហោចណាស់ ក៏មានរថយន្តដឹកស្រាបៀរ របស់ក្រុមហ៊ុនស្រាបៀរអង្គពី១៥ ទៅ២០គ្រឿងដែរ ដែលបានចូលខ្លួនមកសុីឈ្នួលដឹកខ្សាច់សមុទ្រចេញពីការដ្ឋានខ្សាច់ដ៏ធំមួយ ត្រង់ចំណុចគល់ស្ពានចុងថ្នល់ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ឆ្ពោះទៅខេត្តព្រះសីហនុ។
ប្រភពដដែលនិយាយថា ទីតាំងនៃការបូមខ្សាច់ខាងលើនេះ គឺស្ថិតនៅចំណុចព្រែកលើក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ដែលមួយរយៈកន្លងមក ក្រសួងរ៉ែ និងថាមពល បានបញ្ជាឲ្យផ្អាកសកម្មភាពបូម ដោយសារតែការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលក្នុងតំបន់នោះ ដូចជាការបាក់ច្រាំងព្រែក រលំដោយទាំងផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងទៀតផង។

មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា ការដែលក្រុមហ៊ុនស្រាបៀរអង្គ កំពុងសម្រុកយករថយន្តដឹកស្រាបៀររបស់ខ្លួន ទៅដឹកដីខ្សាច់យ៉ាងដូច្នេះ ដើម្បីផ្គត់ផ្គង់តែតម្រូវការក្នុងស្រុក ឬក៏នាំចេញទៅបរទេសដូចមុនទៀត ឬយ៉ាងណានោះឡើយ? ម្យ៉ាងទៀត សកម្មភាពចរាចរណ៍ខ្សាច់សមុទ្រទ្រង់ទ្រាយធំ បើតាមការបញ្ជាក់ពីប្រភពច្បាស់លាស់ថា រាប់សែនម៉ែត្រគូប ក្នុង១ខែៗ មិនដឹងថា មន្ត្រីជំនាញបានទទួលថ្លៃសម្រាប់ចំណូលរដ្ឋគ្រប់ ឬអត់ទេនោះទេ។ ក្រៅពីនោះ ក៏នៅមានប្រាក់មូលនិធិពីធនធានរ៉ែ សម្រាប់កិច្ចអភិវឌ្ព្យសហគមន៍មូលដ្ឋានទៀតផង។
ភ្នាក់ងារសារព័ត៌មាន បានទំនាក់ទំនងតាមទូរស័ព្ទទៅលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុងដែរ ដើម្បីបកស្រាយចម្ងល់ខាងលើនេះ តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបានឡើយ។ ប៉ុន្តែទោះជាយ៉ាងណា ភ្នាក់ងារយើង នឹងព្យាយាមរកមូលហេតុដែលកំពុងងឿងឆ្ងល់ ដើម្បីឲ្យមហាជនបានដឹងច្បាស់ អំពីបញ្ហានេះ៕


