
ភ្នំពេញៈ មានព័ត៌មានជាច្រើនបានផ្ទុះឡើង ក្រោយឃាតកម្មធ្វើឲ្យ សាន ស្រីឡៃ ចែកឋានទៅដោយមិនទាន់ដឹងថា ព័ត៌មានរឿងប្តីចិត្តកំណាច ព្រោះភ្លើងប្រច័ណ្ឌដល់ថ្នាក់បាញ់សម្លាប់ប្រពន្ធ និងខ្លួនឯង បង្កជាចម្ងល់ដល់មហាជនជុំវិញរឿងរ៉ាវគ្រួសារតារាចម្រៀងថ្មីថ្មោងមួយនេះ មានសេចក្ដីពិតយ៉ាងណានោះទេ។
ក្នុងពិធីខួបគម្រប់៧ថ្ងៃ របស់តារាចម្រៀង សាន ស្រីឡៃ អតីតបេក្ខនារី The Voice Cambodia រដូលកាលទី២ ដែលរៀបចំឡើងនៅវត្តទួលទំពូង កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ម្ដាយនាង បានចេញមុខមកបញ្ជាក់រឿងកូនស្រី និងប្តីរបស់នាងថា បច្ចុប្បន្ននេះ អ្នកស្រី និងកូន ស្រីឡៃ រស់នៅផ្ទះខ្លួនឯង ដែលជាដីសហគមន៍ ស្ថិតក្នុងភូមិ១ សង្កាត់សែនសុខ ហើយមិនដឹងថា ពេលណាគេឲ្យរុះរើចេញនោះទេ។ អ្នកស្រីថា សព្វថ្ងៃនេះ ស្រីឡៃ បានទិញឡានមួយគ្រឿង ដោយបង់រលោះមួយខែជាង៤០០ដុល្លារ ហើយគាត់មិនដឹងគិតបែបណាទេ នៅពេលនាងបាត់បង់ជីវិតទៅហើយនោះ មានតែផ្ទេរឲ្យកូនស្រីប្អូន ហើយសុំសងគេបានតែមួយខែ១០០ដុល្លារជាង ព្រោះគ្មានលទ្ធភាព។

ចំពោះបញ្ហាសុខភាពអ្នកស្រីវិញ នៅមិនទាន់ប្រសើរឡើយ ពោល គឺនៅឈឺក្បាលម្តងម្កាល ចំកន្លែងអតីតប្តីកាប់ចំថ្ងាស់ ខណៈដៃវិញ ត្រូវពិការនៅឈឺ ហើយនៅមានដែកមិនទាន់វះយកចេញនោះទេ ព្រោះបើវះត្រូវសម្រាកមួយខែពីរខែ មិនអាចរកស៊ីបាន។
អ្នកស្រី ដែលជាម្តាយស្ទើរតែមិនគួរឲ្យជឿនោះទេ ដោយគ្រួសារត្រូវជួបប្រទះមហាទុក្ខបែបនេះ។ អ្នកស្រីបានប្រាប់ថា គ្រួសារអ្នកស្រីមានផ្ទះនៅប៉ោយប៉ែត ប៉ុន្តែត្រូវលក់អស់ហើយ ហើយព័ត៌មានដែលថា ស្រីឡៃ មានហាងអ៊ុតសក់នោះ គឺជាហាងជួលគេប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា នៅប៉ោយប៉ែត ស្រីឡៃ ធ្លាប់ខ្ចីលុយធនាគារទិញដី ធ្វើផ្ទះ តែក៏សម្រេចចិត្តលក់ផ្ទះនោះវិញ ហើយក៏យកមកបង់ធនាគារអស់ហើយដែរ។
ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានថា ស្រីឡៃ ត្រូវបានប្តីដែលសម្លាប់នោះ លះបង់ច្រើនដើម្បីជួយ ស្រីឡៃ ទាំងទ្រព្យសម្បត្តិ និងលុយកាក់នោះ ត្រូវអ្នកស្រីសើចចំអកថា អ្នកនិយាយ គឺបានតែនិយាយប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា “សម្រាប់ខ្ញុំ ជាម្តាយ ពាក្យណានិយាយពិត គឺពិត មិនបន្លើសអ្នកណាទេ។ នៅប៉ោយប៉ែត ស្រីឡៃ ចង់បើកកន្លែងអ៊ុតសក់ ខ្ញុំជាម្តាយយកប្លង់ដីដាក់អង្គការយកលុយបើកហាងអស់៥០០០ដុល្លារ។ ពេលមានកូនចៅ ប្តីរបស់ ស្រីឡៃ ជួយចិញ្ចឹមធម្មតា ហើយបានទាំងទិញដីនៅ ប៉ោយប៉ែត ចែកឲ្យកូនប្រុសទាំង២ បានម្នាក់មួយឡូតិ៍។ តែដល់ពេលប្តី ស្រីឡៃ ថាអត់លុយក៏សម្រេចចិត្តលក់ដីចែកឲ្យកូននោះអស់ទាំង២ឡូតិ៍វិញ។ គេថា ស្រីឡៃ បានប្តីមន្ត្រីគយពិតជាធូរធារ អ្នកនិយាយបានតែនិយាយ អ្នកមិនដឹងច្បាស់ជាងក្រុមគ្រួសារខ្ញុំទេ”។
អ្នកស្រីបញ្ជាក់ទៀតថា “កូនតាំងពីបានប្តីមក គ្នាទ្រាំ ហើយចេះតែថ្ងូរប្រាប់ខ្ញុំថា ពិបាកណាស់ម៉ាក់អើយ! មិនដឹងគិតយ៉ាងណានោះទេ លែងក៏ទាសម្លាប់មិនលេងក៏រស់នៅវេទនា មិនដឹងធ្វើបែបណាជួយកូនបាន បើអ្នកស្រីពិការទៀត ក្តីប្រច័ណ្ឌនោះខ្លាំងៗ ទាល់តែអស់កូនស្រីជាបង្គោលគ្រួសាររបស់ខ្ញុំផុតពីលោកនេះហើយ។ តាំងពីមានទំនាក់ទំនងជាមួយ ស្រីឡៃ មក ប្រពន្ធដើមមិននិយាយអ្វីទាំងអស់ ហើយប្តី ស្រីឡៃ ក៏លាក់់ ស្រីឡៃ ថាអត់មានប្រពន្ធ ទាល់តែ ស្រីឡៃ មានផ្ទៃពោះ បានប្រាប់ថា មានប្រពន្ធ និងកូន៤នាក់”។

ជាមួយគ្នា អ្នកស្រីក៏បំភ្លឺផងដែរ ចំពោះព័ត៌មានថា ការសម្លាប់ សាន ស្រីឡៃ ព្រោះតែការបែងចេកទ្រព្យសម្បត្តិនោះ ជារឿងមិនពិតនោះទេ។ អ្នកស្រីថា ទ្រព្យមានពីប្តី គឺដីឡូតិ៍ចែកកូនបានម្នាក់១ក្បាល ដែលធ្វើឲ្យ ស្រីឡៃ អររំភើប តែក៏លក់វិញ ពោល គឺអស់ហើយ។ កាលជាប្តីប្រពន្ធដំបូងៗ ស្រីឡៃ បានប្តីឲ្យមួយថ្ងៃបួនដប់ម៉ឺន ដើម្បីចាត់ចែងតម្រូវការ ហើយនាងអរណាស់ ព្រោះថា គ្នាបានប្តីចិញ្ចឹមប៉ុណ្ណឹង ច្រើនជាងពីមុនអត់ ទើបគ្នាគិតថា ប្តីជាបង្គោលសំខាន់មួយ ប៉ុន្តែអ្វីៗមិនល្អរហូតទេ។
គួរជម្រាបថា សាន ស្រីឡៃ ដែលជាបេក្ខនារី The Voice Cambodia រដូវកាលទី២ និងជាតារាចម្រៀងកុងត្រារបស់ផលិតកម្ម ហង្សមាស ត្រូវឃាតកជាប្ដីឈ្មោះ ជ័យ រិន ហៅ ម៉ៅ បាញ់ចំនួន៣គ្រាប់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ មុនពេលប្ដីបាញ់មួយគ្រាប់ សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បង្កឲ្យមហាជនកើតជាចម្ងល់យ៉ាងខ្លាំងនៅទូទាំងប្រទេស៕







