
ស្ទឹងត្រែងៈ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសចិត្តកាចសាហាវម្នាក់មូល.កសម្លាប់ តែមិនទាន់ស្លាប់ រួចក៏ចាប់ញាត់ចូលបាវ ហើយយកទៅស្លាប់ទឹកស្រះឈ្លក់ទឹកស្លាប់តែម្ដង។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលវែង ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លុះមកដល់ព្រឹកថ្ងៃទី១៥ តុលានេះ ទើបគេប្រទះឃើញអណ្តែតក្នុងស្រះខាងមុខផ្ទះកើតហេតុចម្ងាយប្រហែលជាង៣០ម៉ែត្រ។
សមត្ថកិច្ច ដែលចុះមកធ្វើកោសល្យវិច័យ បានប្រាប់ភ្នាក់ងារអង្គភាព CAM POST នៅព្រឹកថ្ងៃទី១៥ តុលានេះថា កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានជនសង្ស័យចាប់មូល.កបំណងសម្លាប់ចោល តែមិនស្លាប់ ក៏ចាប់យកទៅច្រកបាវ រួចយកទៅទម្លាក់ក្នុងទឹកស្រះមួយកន្លែង ដែលមានចម្ងាយប្រហែលជា៣០ម៉ែត្រនៅមុខផ្ទះកើតហេតុ លុះដល់ព្រឹកឡើង ទើបគេប្រទះឃើញ ក៏មានការឆោឡោរត់ទៅប្តឹងសមត្ថកិច្ចតែម្តង។
សមត្ថកិច្ច បន្តថា ក្រោយហេតុការណ៍ ជនសង្ស័យ២នាក់ប្តីប្រពន្ធ មិនបានរត់គេចខ្លួនទៅណាទេ បែរជាមកអុជធូបឲ្យសពក្មេងរងគ្រោះធ្វើប្រងើយ។ ដោយមានការសង្ស័យ ទើបសមត្ថកិច្ចនាំខ្លួនទាំង២នាក់ប្តីប្រពន្ធទៅធ្វើការសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
សពក្មេងរងគ្រោះឈ្មោះ ម៉ៅ តយ អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ឌី សនម៉ៅ អាយុ៣៩ឆ្នាំ ម្តាយឈ្មោះ ចាន់ លី អាយុ៣៨ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ កែវ ឃាន ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ ធន បូន អាយុ៣៧ឆ្នាំ ។ អ្នកអ្នកទាំង៥ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
រហូតមកទល់ពេលនេះ យើងនៅមិនទាន់ដឹងពីមូលហេតុ ដែលជនសង្ស័យសម្លាប់ក្មេងរងគ្រោះនៅឡើយទេ រង់ចាំការសួរចម្លើយរបស់សមត្ថកិច្ចសិន។
បច្ចុប្បន្ន សពក្មេងរងគ្រោះ ត្រូវបានឪពុកម្តាយយកមកធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសួរនាំបន្ថែម និងចំណាត់ការទៅតាមនិតិវិធីនៃច្បាប់៕










