
លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានសង្គ្រោះជាតិ កុំឱ្យប៉ះពាល់ដល់គណបក្ស ស្របពេលដែលច្បាប់ស្តីពីគណបក្សនយោបាយត្រង់ចំណុចមួយបានចែងណាបើប្រធាន/អនុប្រធានបក្សណា មានទោស នោះអាចឈានដល់រំលាយបក្សនោះចូល។
លោក កឹម សុខា ឡើងជាប្រធានគណបក្សជំនួសលោក សម រង្ស៊ី មិនទាន់ក្តៅគូថផង ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនទាំងកណ្តាលអាធ្រាត និងមានអភ័យឯកសិទ្ធិសភាទៀតផង។ ការប៉ុនប៉ងបំបែកបំបាក់លោក សម រង្ស៊ី និងលោក កឹម សុខា និយាយដោយឡែក រំលាយគណបក្សសង្គ្រោះជាតិនិយាយជារួម ប៉ុន្តែបំណងនេះហាក់មានការលំបាក ហើយប្រហែលជាមិនសូវទទួលបានលទ្ធផលល្អនោះទេ ទើបលោក ហ៊ុន សែន ក៏ដូចជាមន្រ្តីតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់បាននិងកំពុងបញ្ចុះបញ្ចូល គំរាបគំហែង មន្ត្រី មេឃុំ/ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ/សង្កាត់ ស្រុក/ខណ្ឌ រាជធានី/ខេត្ត របស់គណបក្សប្រឆាំងឱ្យចុះចូលជាមួយបក្សកាន់អំណាចដោយរក្សានូវតំណែងឱ្យនៅដដែល។
កាលៈទេសៈដែលបក្សសង្គ្រោះជាតិកំពុងរងសម្ពាធគ្រប់ទិសទីពីខាងក្រៅ ចុះហេតុបានជាមិនខំពង្រឹងផ្ទៃក្នុង បែរជាបង្កជម្លោះទៅវិញ?
គណបក្សប្រឆាំងកើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស (លោក កឹម សុខា) ដូចនេះមានការបែងចែកកូតាមកពីគណបក្សទាំង២។
កាលពីម្សិលមិញ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអ្នកគាំទ្ររបស់គណបក្សប្រឆាំង ដោយចោទប្រកាន់លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ត្រខេត្តកំពង់ចាម និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ កូតាពីបក្សសិទ្ធិមនុស្ស និងលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា ថាបានលួចបញ្ជីបេក្ខជនព្រឹទ្ធសភារបស់គណបក្សយកទៅដាក់នៅ គ.ជ.ប យ៉ាងតក់ក្រហល់ ហើយថាឈ្មោះបេក្ខភាពព្រឹទ្ធសភានេះគឺមិនទាន់បានសម្រេចជាផ្លូវការពីថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់នៅឡើយទេ។
ដោយឡែក លោក យីម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ក៏មិនបានផ្ទេរសិទ្ធិសម្រេចណាទៅឱ្យមន្ត្រីថ្នាក់ក្រោមដែរ។
ប៉ុន្តែ លោក ម៉ៅ មុន្នីវណ្ណ បានផ្តល់បទសម្ភាសដល់ Fresh News ថាបញ្ជីឈ្មោះបេក្ខាភាពព្រឹទ្ធសភានេះបេក្ខជនទាំងពេញសិទ្ធិ និងបម្រុងចំនួន១១៦រូប ដែលមានការចុះហត្ថលេខារបស់ លោក កឹម សុខា ថាយើងធ្វើតាមនីតិវិធីត្រឹមត្រូវ។
ម្យ៉ាងវិញទៀត លោក ម៉ៅ មុន្នីវណ្ណ៖ ពួកក្រុមយកលាភីពីគេ ហើយរត់ភ័យចោលស្រុកខំលាបពណ៌អ្នកស្នេហាជាតិដែលក្រាញននាលជាមួយប្រជាពលរដ្ឋមិនរត់ចូលសកម្មជន ស្លាប់ដើម្បីជាតិ ហើយពួកខ្លួនមិនបាននៅជួយ បែរមកបំបាក់ស្មារតីពួកនៅក្នុងស្រុកថែមទៀត ពួកក្រុមនេះកំពុងតែបម្រើគេដោយមិនដឹងខ្លួន។
សម្ពាធពីក្រៅមិនអាចបំបែកបំបាក់បានងាយស្រួលទេ តែបើផ្ទៃក្នុងមិនរឹងមាំហើយ អ្វីៗនឹងត្រូវរលាយជាមិនខាន។ ដូចនេះគណបក្សត្រូវតែមានការកោះប្រជុំជាបន្ទាន់ឬមានយន្តណាមួយដើម្បីទប់ស្កាត់រឿងនេះ កុំឱ្យរីកដុះដាលខ្លាំង។ ប្រធានគណៈកម្មាធិការបក្សទាំងអស់គួរតែត្រឡប់ចូលប្រទេសវិញ។
