
បន្ទាប់ពីហេតុការណ៍បាញ់ប្រហារដ៏រន្ធត់ បណ្ដាលឲ្យមនុស្សស្លាប់កើនដល់៥៩នាក់ និងរបួស៥២៥នាក់ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងធ្វើដំណើរទៅទីក្រុង Las Vegas ថ្ងៃទី០៤ ខែតុលានេះ ដើម្បីសួរសុខទុក្ខ និងជួបជាមួយសាច់ញាតិជនរងគ្រោះ។ បើយោងតាមសេចក្ដីរាយការណ៍របស់ CNN បានចុះផ្សាយនាពេលថ្មីៗនេះ។
លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យបង្ហោះទង់ជាតិត្រឹមពាក់កណ្ដាលប៉ុណ្ណោះ ដើម្បីចូលរួមរំលែកទុក្ខក្រៀមក្រំដល់ជនរងគ្រោះ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។ ទោះជាយ៉ាងនេះក្ដី ប្រធានាធិបតីរូបនេះ មិនបានលុបចោលគម្រោងធ្វើដំណើរទៅកាន់ កោះ Puerto Rico ដើម្បីធ្វើការវាយតម្លៃទៅលើផលខូចខាត ដែលបណ្ដាលមកពីព្យុះ Hurricane Maria នោះទេ។

មកដល់ពេលនេះកម្លាំងប៉ូលិសអាមេរិក កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៅពីក្រោយហេតុការណ៍បាញ់ប្រហារហ្វូងមនុស្សម្នាដ៏សាហាវនេះ ដែលបានកើតឡើងចំយប់ថ្ងៃចុងក្រោយ នៃពិធីបុណ្យប្រគំតន្ត្រីមានឈ្មោះថា Route 91 Harvest ដែលមានរយៈពេលសរុប០៣ថ្ងៃ។ ព្រមពេលជាមួយគ្នានេះ អ្នកដែលបានទទួលរងរបួសទាំងប៉ុន្មានត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិត៕