
មហាអំណាចចិន បើកមហាសន្និបាតបក្សលើទី១៩ ដែលចាប់ផ្ដើមឡើងជាផ្លូវការហើយនាព្រឹកនេះ នៅក្នុងទីក្រុងប៉េកាំង ជាមួយការរំពឹងទុកថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងប្រើឱកាសនេះ ដើម្បីពង្រឹងគោលនយោបាយរបស់លោកបន្ថែមទៀត។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចុះផ្សាយនាយប់ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៧។

ប្រតិភូច្រើនជាង ៣ពាន់នាក់ ត្រូវមកជួបប្រជុំគ្នាក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ហើយការប្រជុំបិទទ្វារនេះ ត្រូវធ្វើឡើងក្នុងរយៈពេល០៥ឆ្នាំម្ដង ដើម្បីកំណត់ថា នរណាជាអ្នកដឹកនាំប្រទេសចិនបន្ត និងទិសដៅរបស់ប្រទេសសម្រាប់អាណត្តិបន្ទាប់នោះ។ ក៏ប៉ុន្តែទន្ទឹមគ្នាបើតាមក្រុមអ្នកជំនាញចិន លោក ស៊ី ជិនពីង ដែលបានឡើងកាន់ដំណែង កាលពីឆ្នាំ២០១២ ត្រូវបានគេរំពឹងថា អាចនឹងទទួលបានការគាំទ្រពីសមាជបក្ស ឲ្យបន្តធ្វើជាប្រមុខដឹកនាំគណបក្សកុម្មុយនិស្តចិន ដដែល។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃបើកសមាជបក្សនេះដែរ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ក្រោមការដឹកនាំរបស់លោក០៥ឆ្នាំ មកនេះប្រជាជនចិន ៦០លាននាក់ បានគេចផុតពីភាពក្រីក្រ និងរំពឹងថា នឹងបញ្ចប់នៅសប្ដាហ៍ក្រោយនេះ៕