
កាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា បានដើរបង្ហាញម៉ូតក្នុងឈុត “រ៉ូបរាត្រីស្រមោលសរ” និង ឈុត “ឈុតហែលទឹក” ប្រកួតក្នុងវគ្គ Preliminary Competition ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត។
ទោះបីយ៉ាងណាមហាជនភាគច្រើន ហាក់បានបញ្ចេញមតិត និងចូលរួមរិះគន់ដើម្បីស្ថាបនា លើឈុត “រ៉ូបរាត្រីស្រមោលសរ” របស់ Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា។ មតិនោះបានលើកឡើងថា ឈុត “រ៉ូបរាត្រីស្រមោលសរ” របស់ Miss Grand កម្ពុជា ហាក់ដូចជាធម្មតាពេក សមតែសម្រាប់ស្លៀកក្នុងពិធីធម្មតា និងមិនមានអ្វីអស្ចារ្យដូចរ៉ូបរបស់ Miss Grand ប្រទេសដ៏ទៃទៀត។
យ៉ាងណាក្តី ក្រោយផ្ទុះការរិះគន់បែបនេះ គេហទំព័រផ្លូវការរបស់ Miss Grand Cambodian បានបង្ហោះសារបកស្រាយអំពីបញ្ហារ៉ូបរបស់ Miss Grand កម្ពុជា យ៉ាងដូចនេះថា:
សូមជម្រាបជួន លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្តអ្នកគាំទ្រគ្រប់ៗរូប ជាទីមេត្រី ! ឈុតរាត្រីសមោសរដែលបេក្ខភាពកម្ពុជា កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia (MGC) បានស្លៀកដើរបង្ហាញខ្លួនក្នុងកម្មវិធីប្រកួត Miss Grand International 2017 Preliminary Competition – Evening Gown ជាការជ្រើសរើសដោយគណៈកម្មការនៃ MGC និងទីប្រឹក្សាជំនាញផ្នែកសំលៀកបំពាក់ និងកម្មវិធីប្រកួតបវរកញ្ញាផងដែរ។ យើងខ្ញុំបានខិតខំប្រឹងប្រែងសម្រិតសម្រាំងដើម្បីនាំមកនូវជ័យជំនះជូនជាតិកម្ពុជា ដូចជាលោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្តអ្នកគាំទ្រ បងប្អូនប្រជាពលរដ្ឋខែ្មរគ្រប់ៗរូបផងដែរ។
ទាំងម៉ូត ការរចនាសុទ្ធសឹងត្រូវបានពិនិត្យពិច័យ ដូចដែលលោកអ្នកបានទស្សនាកាលពីកម្មវិធីម្សិលម៉ិញ ក្រណាត់ដែលយកមករចនាដេរប៉ាក់ជាឈុតនេះ មានតម្លៃថ្លៃ ក៏ដូចជាការរចនាម៉ូត គឺស្ថិតនៅក្នុងកម្រិតនៃម៉ូតសំលៀកបំពាក់រាត្រីសមោសរនៃបវរកញ្ញា ដែលក្នុងនោះយើងឃើញថា មានបវរកញ្ញាមួយចំនួនបានប្រើប្រាស់ម៉ូតសំពត់ស្រដៀងនេះផងដែរ ហើយខ្លះទៀតក៏បានប្រើម៉ូតរ៉ូបក្នុងទម្រង់កន្ទុយត្រីជាដើម ដែលក្នុងនោះលោកអ្នកបានទស្សនាហើយថា ពុំមែនស្ថិតនៅក្នុងលក្ខណៈអន់ដូចដែលលោកអ្នកយល់ឃើញ ប៉ុន្តែឃើញថាស្ថិតក្នុងលក្ខណៈគួរ ឱ្យសរសើរជាងបណ្តារប្រទេសមួយចំនួនផងដែរ។
មុននឹងសម្រេចកាត់ដេរម៉ូតសំលៀកបំពាក់នេះ យើងក៏បានពិភាក្សានូវម៉ូតនេះជាមួយហាងកាត់សំលៀកបំពាក់ជាដៃគូតែមួយគត់ដែលជានិច្ចកាលចូលរួមឧបត្ថម្ភក្នុងកម្មវិធីប្រកួត MGC នាពេលកន្លងមក។ អ្វីៗសុទ្ធតែឆ្លងកាត់នូវដំណាក់កាល ក៏ដូចជាការជជែកវែកញែកគ្នាដ៏ត្រឹមត្រូវ ពិគ្រោះយោបល់គ្នាផងដែរ។ សូមថ្លែងអំណរគុណចំពោះការចូលរួមចំណែកជ្រោមជ្រែងគាំទ្រ ពីសំណាក់លោកអ្នក។ សង្ឃឹមនឹងជឿជាក់ថាលោកអ្នកនឹងចូលរួមឧបត្ថម្ភចំពោះកម្មវិធីប្រកួត ក៏ដូចជាបន្តការគាំទ្រចំពោះ បេក្ខភាពកម្ពុជា កញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia (MGC) ។ សូមជូនពរលោកអ្នកសំណាងល្អ៕