
ម្តាយបង្កើតតារាចម្រៀង សាន ស្រីឡៃ បានប្រាប់ Kqube កាលពីថ្ងៃម្សិលមិញថា រឿងរ៉ាវរកាំរកូសរវាងកូនស្រី និងកូនប្រសាអ្នកស្រីបានកើតឡើងជាងមួយឆ្នាំមកហើយ ពោលគឺចាប់តាំងពី សាន ស្រីឡៃ ប្រលងជាប់ក្នុងកម្មវិធី The Voice Cambodia ក្នុងវគ្គ Live Showមកម្ល៉េះ ព្រោះពេលនោះ ស្រីឡៃ ចាប់ផ្តើមល្បី ដោយនាងជាប់នឹងការVote រាល់លើកតែម្តង។ អ្នកស្រីបន្តថា ចាប់ពីពេលនោះមក កូនប្រសាឈ្មោះ ជ័យ រិន ចាប់ផ្តើមមានចិត្តប្រចណ្ឌខ្លាំង រហូតគេបានឲ្យ ស្រីឡៃ ឈប់ទាំងកណ្តាលទី តែ ស្រីឡៃ មិនព្រម ព្រោះកម្មវិធីមានកុងត្រាត្រឹមត្រូវ បើឈប់កណ្តាលទី គឺធ្វើឲ្យខូចកម្មវិធីគេ ហើយត្រូវសងគេ ជាច្រើនម៉ឺនដុល្លារ។

ម្តាយ សាន ស្រីឡៃ បន្តថា ព្រោះតែស្រឡាញ់អាជីពសិល្បៈ កូនស្រីអ្នកស្រី មិនបានធ្វើតាមបំណងប្តីទេ ព្រោះនាងជានារីម្នាក់ចង់មានការងារ និងអាជីពរកលុយដោយខ្លួនឯង និងមិនចង់ពឹងលើចំណូលរបស់ប្តីទាំងស្រុងនោះទេ រហូតនាងស៊ូទ្រាំដល់ចប់កម្មវិធីប្រលង។ ប៉ុន្តែពេលប្រលងចប់នាងចាប់ផ្តើមមានការងារសិល្បៈ មានអ្នកគាំទ្រ មានអ្នកសុំថតរូប បែបស្និទ្ធស្នាល កូនប្រសាអ្នកស្រីកាន់តែប្រចណ្ឌខ្លាំងឡើង រហូតធ្វើឲ្យស្រីឡៃទទួលយកលែងបាន ក៏បានលែងលះគ្នា ដាច់ស្រេចមានរយៈពេលជាងមួយឆ្នាំមកហើយ ប៉ុន្តែកូនប្រសាអ្នកស្រីនៅតែ ទទួចសុំជុំគ្នាវិញជាច្រើនលើក ហើយ ស្រីឡៃ ក៏បានឆ្លើយបដិសេធជាច្រើនលើកដែរ ដោយនាងបាននិយាយថា “បើសិនជាបងមិនកែប្រែ អំពើញៀនល្បែងជល់មាន់ទេនាងមិនជុំវិញទេ” ព្រោះតាំងពីពួកគេក្លាយជាប្តីប្រពន្ធមក លុយដែលរកបានគឺមិនដែលសល់ទេ បានមកអស់ទៅវិញរហូត។

ប្រភពពីម្តាយដដែលបន្តថា មុនពេលកើតហេតុមួយសប្តាហ៍ ប្តីស្រីឡៃ តែងបានបោះពាក្យសម្តីគំរាម ជាញយៗថា បើជាតិនេះគេរស់គ្មានស្រីឡៃទេ គេមិនរស់ទេ ហើយសម្តីនេះអ្នកស្រីក៏តែងបានប្រាប់ទៅកូនស្រីឲ្យប្រយ័ត្នផងដែរ ព្រោះគិតថា ប្តីនាងប្រើពាក្យប្លែកៗ ហើយខ្លាចគេធ្វើអំពើអ្វីមួយប៉ះពាល់មកលើកូនស្រី តែស្រីឡៃ តែងនិយាយថា មិនអីទេ ព្រោះនាងក៏គិតមិនដល់ថា ប្តីហ៊ានធ្វើអំពើបែបនេះឡើយ៕
