
សហរដ្ឋអាមេរិក បានធ្វើការសាកល្បងបាញ់គ្រាប់មីស៊ីលមួយ ដែលមានឈ្មោះថា Standard Missile-6 ក្បែរឆ្នេរសមុទ្រ ប្រទេសស្កុតឡែន នៅពេលធ្វើសមយុទ្ធការពារក្នុងតំបន់ និងប្រឆាំងនឹងការគំរាមកំហែងពីការបាញ់មីស៊ីលផ្លោង។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាព្រឹកថ្ងៃច័ន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

កងទ័ពជើងទឹកអាមេរិក បាននិយាយថា នាវា USS McFaul (DDG 74) បានបាញ់សាកល្បងកាំជ្រួចមីស៊ីល Standard-6 (SM-6) ដោយជោគជ័យ ដោយបានបញ្ជាក់ថា ការធ្វើតេស្តនេះ មិនមែនជាផ្នែកមួយនៃសមយុទ្ធការពារតំបន់នោះទេ។ អ្នកជំនាញការខាងកាំជ្រួចមីស៊ីល មកពីក្រុមហ៊ុន Raytheon បានប្រាប់ឲ្យដឹងថា SM-6 ត្រូវបានរចនាឡើង ដើម្បីរារាំងគ្រាប់ផ្លោងចម្ងាយឆ្ងាយ និងមធ្យម ចំគោលដៅ ហើយមានល្បឿនលឿនថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ទាហានប្រមាណ ៣៣០០នាក់មកពីបណ្ដាលប្រទេសដូចជាបែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងចក្រភពអង់គ្លេស ព្រមទាំងនាវាជាង ១៤គ្រឿង និងយន្តហោះចម្បាំងចំនួន ១០គ្រឿង កំពុងចូលរួមធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក នៅលើកោះភាគខាងលិចប្រទេសស្កុតឡែន នាខែវិច្ឆិកា ខាងមុខនេះ៕
