Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រាជធានីភ្នំពេញ៖​ ក្រសួង​បរិស្ថាន ​បាន​រក​រុក​រក​ឃើញ​ប្រាសាទ​ចំនួន​ពីរ​ដ៏​កម្រ​ក្នុង​ឧទ្យានជាតិ​អូរយ៉ាដាវ​ និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រខេត្តរតនៈគិរី។ បើតាម​ក្រសួង​បរិស្ថាន​បានបញ្ជាក់នៅ​មុននេះ​ថា​ ប្រាសាទទាំងពីរ​នោះ​ឈ្មោះថា “ប្រាសាទអូរព្រះ” និង “ប្រាសាទយ៉ាកណាំង”

បើតាម​លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មាន អប់រំ ផ្សព្វផ្សាយនៃក្រសួងបរិស្ថានដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រាសាទអូរព្រះ ស្ថិតនៅស្រុកលំផាត់ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាគ្រឹះប្រាសាទ មានឃឿនជាថ្មបាយក្រៀម បំណែកឥដ្ឋ បែមុខទៅទឹសខាងកើត ស្ថិតនៅខាងលិចទន្លេស្រែពកប្រមាណ៤០០ ម៉ែត្រ។ ប្រាសាទនេះគួរស្ថិតនៅក្នុងសម័យអង្គរ ស.វទី១០-១១គ.ស។

លោកបញ្ជាក់ថា៖ “យើងប្រទះឃើញបំណែកជើងទម្ររូប២ បាក់បែក។ ជើងទម្ររូបមួយមានរន្ធ២ បែកសងខាងសម្រាប់ដាក់រូបចម្លាក់ទេវណាមួយ។ យើងក៏បានប្រទះឃើញបំណែកក្រឡ ផ្នែកខាងក្រោម ដែលជាប្រភេទកុលាសភាជន៍រឹង ខ្មែរសម័យអង្គរ។ តែក្រឡនេះធ្លាយគូទ តាមប្រពៃណីទំនៀមទម្លាប់ជនជាតិភាគតិចនៅតំបន់នោះ ពីដើមមកពាងដាក់ស្រាជាវត្ថុមានតម្លៃសម្រាប់ពួកគាត់ គេដូរជាមួយគោ ក្របី ពេលដែលក្នុងគ្រួសារមានអ្នកស្លាប់ គេយកសពទៅបច្ចុះ ដោយដាក់ពាង រួចចោះគូទអោយធ្លាយ ដាក់កប់នៅខាងលើក្បាល និងមានដាំដើមរការមួយដើម”។

ចំពោះប្រាសាទយ៉ាកណាំងវិញ។ លោកវណ្ណច័ន្ទបានបន្តថា ប្រាសាទយ៉ាកណាំង កសាងអំពីឥដ្ឋ បែរមុខទៅទឹសខាងកើត។ ប្រាសាទបាក់បែកសល់សំណង់ត្រឹមមេទ្វារ ផ្នែកខាងលិចបាក់ទាំងស្រុង ផ្នែកកណ្តាលមានការជីកគាស់កកាយទាំងស្រុង ប្រាសាទនេះទទួលរងការបាក់បែក។ ប្រាសាទយ៉ាកណាំងអាចជាប្រាសាទ កសាងនៅសម័យមុនអង្គរឬដើមសម័យអង្គរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor