
ភ្នំពេញៈ បវរកញ្ញាពិភពលោក សន្យាជួយផ្សព្វផ្សាយឲ្យភ្ញៀវទេសចរ មកលេងអង្គរវត្ត ខណៈក្រុមបវរកញ្ញាពិភពលោក មានការស្ញប់ស្ញែងចំពោះប្រាសាទអង្គរវត្ត របស់កម្ពុជា។ បវរកញ្ញាពិភពលោកមកពី៦០ប្រទេស នៅរសៀលថ្ងៃទី១០ ខែវិចិ្ឆកានេះ បានទៅទស្សនាប្រាសាទអង្គរវត្ត និងថតរូបបង្ហាញអំពីសម្លៀកបំពាក់ប្រពៃណីតំណាងឲ្យប្រទេសនីមួយៗ។
ក្នុងឱកាសមកទស្សនាប្រាសាទអង្គរវត្ត និងថតបង្ហាញអំពីសម្លៀកបំពាក់ប្រពៃណីតំណាងឲ្យប្រទេសនីមួយៗនេះ បវរកញ្ញាតំណាងឲ្យប្រទេសសេរី កញ្ញា ដារីយ៉ា បានមានចំណាប់អារម្មណ៍ថា ប្រាសាទអង្គរពិតជាមានការអស្ចារ្យមែន។ ហើយអ្វីដែលកាន់តែសំខាន់នោះ គឺកញ្ញាបានសម្រេចក្តីបំណងរបស់កញ្ញាមួយហើយ គឺការចង់មកឃើញប្រាសាទអង្គរវត្ត ដោយផ្ទាល់។
កញ្ញា ដារីយ៉ា បានសន្យាថា នៅពេលដែលកញ្ញាត្រឡប់ទៅប្រទេសកំណើតវិញកញ្ញា និងជួយផ្សព្វផ្សាយឲ្យភ្ញៀវទេសចរមកលេងអង្គរវត្តបានច្រើន ព្រោះប្រាសាទអង្គរវត្ត មានភាពអស្ចារ្យនៅលើពិភពលោកនេះ ដូច្នេះមនុស្សគ្រប់គ្រប់រូបគួរមកស្គាល់ប្រាសាទអង្គរវត្ត ឲ្យបានម្តងដែរក្នុងមួយជីវិត។
ចំពោះកញ្ញា yos Paulina ជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាវិញ បានសម្តែងនូវមោទនៈភាពចំពោះប្រទេសកម្ពុជា ដែលមានប្រាសាទបុរាណដ៏អស្ចារ្យគ្មានពីរលើលោកនេះ។ ជាពិសេសគឺកញ្ញាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានស្លៀកសម្លៀកបំពាក់ជាអប្សរាចក្រតុមុខ ដើម្បីធ្វើការថតបង្ហាញ ឬប្រគួតអំពីសម្លៀកបំពាក់ប្រពៃណីតំណាងឲ្យប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសចំនួន៥៩ទៀត។
កញ្ញា yos Paulina បានបញ្ជាក់ថា កញ្ញានិងជួយផ្សព្វផ្សាយទៅកាន់ពិភពលោក ថា កម្ពុជាពិតជាប្រទេសអចរិយ មានប្រាសាទបុរាណជាច្រើន។ ជាពិសេសកម្ពុជា មានសន្តិសុខល្អ សូមឲ្យភ្ញៀវទេសចរមកទស្សនាកម្ពុជា ឲ្យបានច្រើន កុំមានការព្រួយបារម្ភ។
វត្តមានបវរកញ្ញាពិភពលោកនៅប្រាសាទអង្គរវត្តនេះ ជាចំណែកមួយក្នុងការជួយផ្សព្វផ្សាយពីសក្តនុពលទេសចរកម្ពុជា ទៅកាន់ពិភពលោកតាមរយៈការបវរកញ្ញាផ្ទាល់ និងតាមរយៈអ្នកថតរូបផ្សព្វផ្សាយអាជីពៗ មកពីបណ្តាប្រទេសនានា ក្នុងពិភលោក។
គួររំលឹកថា នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ប្រតិភូបវរកញ្ញាពិភពលោក បានត្រឡប់ទៅភ្នំពេញវិញ ហើយក៏ និងបន្តទៅភ្នំបូគោ និងខេត្តព្រះសីហនុបន្តទៀត៕


