header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យសាលាឧទ្ធរណ៍បានឲ្យដឹងនៅល្ងាចថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧នេះថា សាលាឧទ្ធរណ៍នឹងកាត់ទោសលោក គឹម សុខ តាមបណ្ដឹងឧទ្ធរណ៍របស់ជនត្រូវចោទ។

សូមបញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី រិទ្ធី នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក គឹម សុខ ដាក់ពន្ធនាគារកំណត់១៨ខែ ពិន័យជាប្រាក់ចំនួន៨លានរៀល និងបង្គាប់ឲ្យសងជំងឺចិត្តជាប្រាក់ចំនួន៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទបរិហាកេរ្ត៍ជាសាធារណៈ តាមមាត្រា៣០៥ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សេចក្ដីសម្រេចនេះ ធ្វើឡើងនៅចំពោះមុខជនជាប់ចោទ គឹម សុខ និងមេធាវីតំណាងដោយអណត្តិរបស់គណបក្សប្រជាជនកម្ពុជា លោកមេធាវី គី តិច បើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃសវនាការថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០១៧ ជនជាប់ចោទបានបដិសេធមិនឆ្លើយនឹងសំនួររបស់តុលាការ និងមេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណីទេ នៅខណៈដែលមេធាវីការពារផ្លូវច្បាប់ឲ្យជនជាប់ចោទដើរចេញពីសវនាការ ជាហេតុដែលតុលាការបានលើកយកសេចក្ដីសន្និដ្ឋានស្ថាពររបស់តំណាងអយ្យការ ដោយយោងពាក្យបណ្ដឹងចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក គី តិច មេធាវីតំណាងដោយអណត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្ដឹងលោក គឹម សុខ អ្នកឃ្លាំមើលកិច្ចការនយោបាយ និងសង្គមដែលបានធ្វើបទអត្ថាធប្បាយក្នុងវិទ្យុអាសុីសេរីកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា មិនបានត្រៀមខ្លួននៅក្នុងការបោះឆ្នោតទេ ប៉ុន្តែត្រៀមខ្លួនដើម្បីប្លន់អំណាចទៅវិញ មកអានឲ្យសាធារណៈជនចូលរួមក្នុងសវនាការសណ្ដាប់អំពីអង្គហេតុដំបូងដែលតុលាការបានចោទប្រកាន់ លោក គឹម សុខ។

ការលើកឡើងរបស់លោក គឹម សុខ គឺមានចេតនាទុច្ចរិត បង្កការញុះញង់ឲ្យមានចលាចលសង្គម ការស្អប់ខ្ពើមគ្នានៅក្នុងស្រទាប់មហាជន និងអំពើបរិហាកេរ្ត៍ជាសាធារណៈ ដូច្នេះហើយទើបមានការប្ដឹងមកតុលាការ នៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីទប់ស្កាត់បទល្មើស និងបង្កាបទល្មើសមិនឲ្យកើតឡើងបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post