
ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទល់មុខបុរីពិភពថ្មី បន្ទាប់ពីមានករណីឃាតកម្ម ប្ដីសម្លាប់ប្រពន្ធ ហើយសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ នេះបើតាមការបបញ្ជាក់ពីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅមុននេះបន្តិច។
បើតាមមេប៉ូលិសរូបនេះ សមត្ថកិច្ចបានសន្និដ្ឋាននៅជំហានដំបូងថា ជាអំពើឃាតកម្ម ដែលបុរសជាប្ដីបានអារកសម្លាប់ប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យនាងដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងដំណេក ពោល គឺនៅក្នុងមុងតែម្ដង មុនពេលដែលជនដៃដល់សម្រេចចងកបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ ហើយទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង៦៖៣០នាទីព្រឹកនេះ។

ទោះបីជាបែបណា រហូតមកទល់ពេលនេះ លោកបញ្ជាក់ថា កម្លាំងសមត្ថកិច្ច បាន និងកំពុងធ្វើការហ៊ុំព័ទ្ធនៅកន្លែងកើតហេតុ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញចុះទៅធ្វើការស្រាវជ្រាវ ខណៈប្រជាពលរដ្ឋជាច្រើនកំពុងចោមរោមមើលយ៉ាងច្រើនផងដែរ៕




