
ស្ទឹងត្រែងៈ អាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយជំនាញមេព្រៃខេត្ត បានបើកយុទ្ធនាការចុះបង្ក្រាបករណីក្រុមឈ្មួញដឹកជញ្ជូនឈើដែលគ្មានលិខិតអនុញ្ញាតយ៉ាងក្តៅគគុក ដោយបានធ្វើការឃាត់ និងចាប់រថយន្តដឹកឈើចំនួន៩គ្រឿង ក្នុងករណី២ផ្សេងគ្នានៅថ្ងៃតែមួយ ខណៈរថយន្តទាំងនេះកំពុងធ្វើចរាចរដឹកជញ្ជូនឈើលើដងផ្លូវជាតិលេខ៧។ ប្រតិបត្តិការចុះបង្ក្រាបករណីនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការបញ្ជា និងដឹកនាំកម្លាំងផ្ទាល់របស់ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
មន្ត្រីអាវុធហត្ថ ឲ្យដឹងថា ករណីទី១ បានធ្វើឡើងកាលពីវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៣ លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយបានឃាត់រថយន្តមួយគ្រឿង(មិនស្គាល់ម៉ាក) ពាក់ស្លាកលេខ ភ្នំពេញ 2F-1953 ពណ៌ស ក្រវ៉ាត់ពណ៌បៃតង ដឹកឈើប្រណីតប្រភេទធ្នង់កន្លះរថយន្ត ដែលមានចំនួន១៦៨ដុំ(ឈើខ្នាត)។

ចំណែកឯករណីទី២ បានធ្វើឡើងកាលពីវេលាម៉ោង៨៖៣០នាទី យប់ថ្ងៃទី១០ ខែឆ្នាំដដែល ត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៧ដូចគ្នា ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយឃាត់រថយន្តម៉ាក SUBARU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-1953 ដឹកឈើប្រភេទលេខ១ ចំនួន៨គ្រឿង ខណៈរថយន្តទាំងអស់នោះ កំពុងដឹកជញ្ជូនឈើយ៉ាងប្រសាចចេញពីចំណុចវាលព្រីង ក្នុងសង្កាត់សាមគ្គី ឆ្លងកាត់ស្ពានសេកុង ចូលមកទីរួមខេត្ត ដើម្បីបន្តយកទៅលក់នៅលើទីផ្សារខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ចំពោះការបង្ក្រាបករណីទី២នេះ ខណៈពេលដែលអាវុធហត្ថកំពុងតែរវល់យកត្រាក់ទ័រមកអូសរថយន្តសាំយ៉ុងចំនួន៥គ្រឿង ចេញពីកន្លែងជាប់ផុងនោះ ស្រាប់តែរថយន្តសាំយ៉ុង១គ្រឿង ពណ៌លឿង មានស្លាកលេខ ភ្នំពេញ 2Q-7610 ប៉ុន្តែមិនបំពាក់លើរថយន្តទេ បានឆ្លៀតឱកាសទម្លាក់ឈើចេញពីរថយន្ត រួចហើយក៏លួចបើករត់គេចខ្លួនចូលក្នុងព្រៃបាត់ស្រមោលនៅក្នុងគ្រានោះ នៅសល់តែ៧គ្រឿងប៉ុណ្ណោះ។

បច្ចុប្បន្ន ឈើប្រណីតទាំងអស់ ត្រូវបានអាវុធហត្ថប្រគល់ជូនជំនាញយកមករក្សាទុកក្នុងថ្នាលបណ្តុះកូនឈើភ្នំក្រហម។ ចំណែកឯរថយន្តសាំយ៉ុងទាំង៧គ្រឿងទៀត ត្រូវបានអាវុធហត្ថអូសយកទៅរក្សាទុកក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងយប់ ដើម្បីធ្វើការប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្ត នៅព្រឹកនេះ៕





















