
ព្រះសីហនុៈ ការសិក្សា និងទទួលបានជ័យលាភីក្នុងការសិក្សា គឺជាការកសាង និងការសម្រេចបាននូវមូលដ្ឋានគ្រឹះសម្រាប់ខ្លួនឯង ខណៈនៅពេលទទួលបានការងារធ្វើ គឺជាឱកាសសម្រាប់យើងដែលត្រូវបញ្ចេញសមត្ថភាព និងច្បាមចាប់យកការងារ។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ខណៈលោកចូលរួមក្នុងពិធីប្រគល់បរិញ្ញបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជូនដល់និស្សិតជ័យលាភី នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ហ៊ុន ម៉ាណែត ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់និស្សិតទាំងអស់ ដែលបានទទួលជ័យលាភីផងដែរ។
ជាមួយគ្នានោះ លោកក៏បានអបអរសាទរ និងសម្តែងមោទនភាពជាមួយក្រុមគ្រួសារ និងអាណាព្យាបាលនិស្សិតទាំងអស់ ដែលទទួលបានជ័យលាភីក្នុងការសិក្សា។

លោកថ្លែងថា ជ័យលាភីដែលនិស្សិតទទួលបាននៅថ្ងៃនេះ គឺជាជោគជ័យមួយនៃដំណាក់កាលត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារ ដែលនឹងប្រកបដោយការប្រកួតប្រជែង។
លោកបន្តថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈ និងបង្កើតឱកាសសិក្សាដល់និស្សិត ទទួលបានការសិក្សាក្នុង និងក្រៅប្រទេស។ យើងមានធនធានមនុស្សរាប់ម៉ឺននាក់ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់, បរិមាណគឺជាចំនួនមួយ ខណៈការគិតគូរវាយតម្លៃលើគុណភាព គឺមិនមែនផ្អែកលើតែអ្នកមានសញ្ញាបត្រមកពីក្រៅប្រទេសនោះទេ។

រាជរដ្ឋាភិបាលមិនផ្តល់អទិភាពការងារឲ្យតែអ្នកមានសញ្ញាបត្រមកពីក្រៅប្រទេសនោះទេ។ សំខាន់គឺការវាយតម្លៃទៅលើសកម្មភាពនៃការអនុវត្តការងារជាក់ស្តែង និងការទទួលខុសត្រូវ។
យើងមិនអាចយកអ្នកនិយាយច្រើន ក្អេងក្អាង មិនអនុវត្តការងារ ឬគ្មានលទ្ធផលការងារនោះទេ។ យើងត្រូវការអ្នកនិយាយតិច តែធ្វើច្រើន មានភាពក្លាហានបញ្ចេញមតិ និងមានគំនិតច្នៃប្រឌិតខ្ពស់។
ដរាបណាប្រទេសជាតិរក្សាបាននូវសុខសន្តិភាពបែបនេះ យើងនឹងបន្តទទួលបាននូវភាពរីកចម្រើនថែមទៀត និងបន្តវិវត្តន៍ទៅដូចបណ្តាប្រទេសអភិវឌ្ឍន៍ដ៏ទៃទៀត។ ប្រទេសយើងមានសេដ្ឋកិច្ចរីកចម្រើន និងជីវភាពប្រជាពលរដ្ឋយើងកាន់តែល្អប្រសើរទៅបាន គឺអាស្រ័យលើធនធានមនុស្សដែលជាកោសិកាដ៏សំខាន់របស់ជាតិ៕












