header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រាជធានីភ្នំពេញបច្ចុប្បន្ន កំពុងមានសកម្មភាពចោរកម្ម ប្លន់ លួច ឆក់ ហាក់បីដូចជាកក្រើកឡើងវិញហើយ ក្នុងសប្តាហ៍ដើមខែនេះ ដូចជាមានច្រើន ករណីណាស់ មិនថាយប់រឺថ្ងៃ គួរឲ្យព្រួយបារម្មណ៍មែនទែន។

កាលពីព្រឹកនេះ នៅវេលាម៉ោង៧៖១០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កើតមានករណីបាញ់ប្លន់ទាំងព្រឹកយកម៉ូតូ ស៊េរីសេ១២៥មួយគ្រឿងទៅបាត់ដោយសុវត្តិភាព ត្រង់ចំណុចផ្លូវបេតុង ខាងក្រោយហាងខារ៉ាអូខេ សែនអាល័យ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះកំពុង អូសម៉ូតូចេញយកមកដាក់មុខផ្ទះរងចាំជូនម្តាយទៅផ្សារដើម្បីទិញឥវ៉ាន់។

តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋ បានបញ្ជាក់ឲ្យដឹងថា សកម្មភាពចោរកម្ម ប្លន់ លួច ហាក់បីដូចជាកក្រើកឡើងវិញក្នុងដើមខែនេះ ដែលជនសង្ស័យធ្វើសកម្មភាពក្នុងរាជធានីភ្នំពេញ បង្កឲ្យប្រជាពលរដ្ឋមានភាពភ័យព្រួយបារម្មណ៍ ក្នុងការធ្វើដំណើរតាមដងផ្លូវ ស្ងាត់ តូច ធំ ទាំងភ្នែកនៅកញ្ចឹងក ហើយនៅវេលាម៉ោង៧និង១០នាទីខាងលើ គេឃើញក្មេងប្រុសដែលជារងគ្រោះអូសម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-3968 មកដាក់មុខផ្ទះ ស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកដល់វាយក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ជិះគេចចេញទៅបាត់ដោយសុវត្តិភាព ។

ជនរងគ្រោះខាងលើមានឈ្មោះ រឿន ចាន់ណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅកន្លែងកើតហេតុ ។

តាមក្រុមគ្រួសារក្មេងរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុក្មេងរងគ្រោះ ត្រូវបានម្តាយឲ្យអូសម៉ូតូចេញ ដាក់ក្រៅមុខផ្ទះ ក្នុងគោលបំណងរងចាំឌុបជូនម្ដាយទៅផ្សារ ស្រាប់តែលិចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូឌុបគ្នាមកដល់ ចុះវាយក្មេងរងគ្រោះមួយដៃ រួចដកកាំភ្លើង បាញ់ឡើងលើគម្រាម មួយគ្រាប់ រួចជិះគេចចេញទៅបាត់ដោយស្រមោលតែម្តង ។

ក្រោយផ្ទុះអាវុធដោយសារបាញ់គម្រាមប្លន់យកម៉ូតូ រួចសមត្ថកិច្ចទាំងកម្លាំងអាវុធហត្ថ ទាំងនគរបាលចុះទៅ ពិនិត្យ សាកសួរដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅ សាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាប្លន់ប្រដាប់អាវុធខាងលើ មកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post