
ភ្នំពេញៈ ប្រធានវិទ្យុអាស៊ីសេរី ប្រចាំស្រុកខ្មែរ និងបុគ្គលិកម្នាក់ ត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នាំខ្លួនមកធ្វើការឆែកឆេរបន្ទប់ស្ទោឌីយ៉ូនៅក្នុងសណ្ឋាគារសាជាថ្មីនាព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនអ្នកទាំងពីរ កាលពីថ្ងៃម្សិលមិញ ក្រោមហេតុផលថា បានរៀបចំដំឡើងបន្ទប់ផ្សាយ ដើម្បីផលិតព័ត៌មានផ្ញើចេញពីរាជធានីភ្នំពេញ ទៅឲ្យវិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការក្រុងភ្នំពេញ លោក អ៊ុំ សុភ័ក្រ ប្រាប់ Cam Post នៅមុននេះបន្តិចថា កម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនលោក យាង សុជីមេត្តា ប្រធានវិទ្យុអាស៊ីសេរី ប្រចាំនៅកម្ពុជា និងលោក អ៊ួន ឈិន អ្នកយកព័ត៌មាន ទៅធ្វើការឆែកឆេរបន្ថែមទៀត ក្រោយរកឃើញថា ពួកគេបានជួលបន្ទប់សណ្ឋាគារនៅជាន់ទី៧ ដើម្បីរៀបចំដំឡើងស្ទីឌីយ៉ូ។ ប្រតិបត្តិការឆែកឆេរនៅព្រឹកនេះ សមត្ថកិច្ចនឹងឆែកឆេរនៅបន្ទប់លេខ E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី នៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរខណ្ឌមានជ័យ និងកម្លាំងប្រដាប់អាវុធផងដែរ។

បុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន២នាក់ ក្នុងនោះ មានលោក អ៊ួន ឈិន និងលោក យាង សុជីមេត្តា ត្រូវកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួននៅចំណុចសណ្ឋាគារម៉ារឌី កាលពីវេលាម៉ោង៦៖៣០នាទី ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទសង្ស័យដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកព្រះរាជអាជ្ញារង អ៊ុំ សុភ័ក្រ និងលោក ពេជ្រ កែវមុនី ចុះធ្វើរដ្ឋបាលនៅចំណុចសណ្ឋាគារម៉ារឌី នៅស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុគ្គលិកវិទ្យុអាស៊ីសេរី ទាំងពីររូប ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្លាមៗផងដែរ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុផ្សេងៗ ក្រោយរកឃើញថា បានរៀបចំដំឡើងបន្ទប់ផ្សាយដើម្បីផលិតព័ត៌មានចេញពីទីតាំងសណ្ឋាគារម៉ារឌី ផ្ញើទៅឲ្យវិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយខុសច្បាប់ ប៉ុន្តែយ៉ាងណាពួកគេមិនទាន់ដំណើរការនៅឡើយទេ។
ទោះជាបែបណាក្ដី លោក អ៊ួន ឈិន បានប្រាប់ទៅសមត្ថកិច្ចថា គាត់ដំឡើងស្ទូឌីយោនេះ គ្រាន់តែសម្រាប់ថតច្រៀងប៉ុណ្ណោះទេ ពុំមានចេតនា ឬបំណងអ្វីក្រៅពីនេះទេ។

ស្ត្រីម្នាក់ ជាអ្នកបម្រើការងារនៅក្នុងសណ្ឋាគារនេះ ប្រាប់ថា បន្ទប់នេះ ជួលក្នុងតម្លៃ២១០ដុល្លារ ក្នុង១ខែ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង៣ខែហើយ ហើយចំពោះអ្នកជួលគាត់ធ្វើអ្វីនោះ មិនបានដឹងទេ តែគ្រាន់តែដឹងឃើញមានស្ត្រីជាប្រពន្ធរបស់អ្នកជួលបន្ទប់នោះ និងក្មេងស្រីម្នាក់ថា ជាកូនឧស្សាហ៍ចេញចូល និងឡើងចុះណាស់។
បើតាមលោក អ៊ុំ សុភ័ក្រ បានប្រាប់ថា “យើងមិនទាន់ដឹងថាជាយ៉ាងម៉េចនៅឡើយទេ យើងគ្រាន់តែជាការសង្ស័យ។ បើគ្រាន់តែដំឡើងស្ទូឌីយោថតចម្រៀងនោះ ចាំបាច់អីគាត់មកជួលបន្ទប់តម្លៃជាង២០០ដុល្លារ ហើយនៅខ្ពស់យ៉ាងនេះ ចំពោះឧបករណ៍ទាំងនោះ ទុកឲ្យជំនាញគេធ្វើការសិន”៕












