Sponsor
រិទ្ធី

នៅប្រទេសថៃដែលដឹកនាំប្រទេសដោយរបបយោធា បានធ្វើវិសោធនកម្មច្បាប់ដើម្បីរំលាយគណបក្សនយោបាយមុនប្រទេសកម្ពុជាទៀត បើតាមលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ជាអង្គការដែលធ្វើការលើកស្ទូយការបោះឆ្នោតនៅកម្ពុជាឲ្យប្រកបដោយភាពសេរី និងត្រឹមត្រូវបានលើកឡើងថា ដំណើរការរំលាយគណបក្សនៅក្នុងប្រទេសថៃមិនមានការដកហូតអាសនៈនោះទេ។

យោងតាមហ្វេសប៊ុករបស់លោក គល់ បញ្ញា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ថា៖ កាលពីឆ្នាំ២០០៧ ប្រទេសថៃមានករណីរំលាយគណបក្សកាន់អំណាចរបស់លោកថាក់ស៊ីនឈ្មោះ ថៃរ៉ាក់ថៃ ( TRT) ដោយតុលាការធម្មនុញ្ញ ប៉ុន្ដែតំណាងរាស្ត្រ និងមន្ត្រីជាប់ឆ្នោតឬ អាសនៈនៃគណបក្សនេះមិនត្រូវបានរំលាយ ឬដកហូត។ តំណាងរាស្ត្រនៃគណបក្សនេះក៏បានក្លាយជាតំណាងរាស្ត្ររបស់គណបក្សថ្មីឈ្មោះ ភឿថៃ(PTP)។ តាមការពិតការរំលាយក៏ទទួលបានឥទ្ធិពលពីការធ្វើរដ្ឋប្រហារយោធា។

 នៅប្រទេសមួយចំនួនពេលតំណាងរាស្រ្តស្លាប់ ឬ លាលែងពីតំណែងគេបោះឆ្នោតឡើងវិញ ដើម្បីឲ្យប្រាកដថាតំណាងទាំងនេះកើតចេញពីឆន្ទៈរបស់រាស្ត្រ។ ត្រង់ន័យនេះពន្យល់ថា តំណាងរាស្ត្រកើតចេញពីឆន្ទៈរបស់ម្ចាស់ឆ្នោតដែលមិនត្រូវបានរំលាយដោយការរំលាយគណបក្សទេ ហើយឆន្ទៈរាស្ត្រក៏មិនអាចផ្ទេរទៅឲនរណាម្នាក់ដែលមិនបានរើសដោយម្ចាស់ឆ្នោតដែរ»។

ចំណែកនៅប្រទេសកម្ពុជាវិញ យោងតាមវិសោធនកម្មច្បាប់ទាក់ទងនោះការបោះឆ្នោត ក្នុងករណីគណបក្សនយោបាយណាដែលត្រូវរំលាយ អាសនៈគណបក្សនោះនឹងត្រូវបែងចែកឱ្យគណបក្សផ្សេងដែលបានចូលរួមក្នុងការបោះឆ្នោតនោះ ម្យ៉ាងទៀតមេដឹកនាំ មន្ត្រីជាន់ខ្ពស់គណបក្សនោះនឹងត្រូវហាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ 

នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។

លោក ហ៊ុន សែន ធ្លាប់លើកឡើងថាបើមិនមានបក្សណាទទួលយក គណបក្សប្រជាជនកម្ពុជានឹងយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សមួយនេះត្រូវបានរំលាយតាមការសម្រេចរបស់តុលាការកំពូល។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor