Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់​ ត្រូវប៉ូលិសក្រុងភ្នំពេញ ចាប់ខ្លួន និងបង្ហាញមុខជាសាធារណៈក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃចន្ទ​ ទី១៣ វិចិ្ឆកានេះ​ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ​ លោក អេង​ សោភា​ បាននិយាយថា​ ក្រោយសហការជាមួយប៉ូលិស៤ខណ្ឌ​ មានខណ្ឌ៧មករា​ ពោធិ៍សែនជ័យ​សែនសុខ​ និងខណ្ឌទួលគោក​ហើយនោះ​ សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យ២នាក់​ ក្នុងនោះក៏មានអាវុធខ្លី និងវត្ថុតាងមួយចំនួនផងដែរ​។

យោងតាមរបាយការណ៍របស់ប៉ូលិស បានបង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៧ សភាពការ​ប្លន់ប្រដាប់អាវុធយកម៉ូតូ​នៅរាជធានីភ្នំពេញ មានការថយចុះ គួរឲ្យកត់​សម្កាល់ បើធៀបនឹងឆ្នាំ២០១៦ ដោយឡែកដើមខែវិច្ឆិកា ឆ្នាំ២០១៧ បានលេចឡើងនូវករណីប្លន់ប្រដាប់អាវុធ​បាញ់យកម៉ូតូចំនួន២ករណីផ្ទួនៗ។

ករណីទី១៖ បាញ់ប្លន់ជនរងគ្រោះបណ្ដាលឲ្យរងរបួស យកម៉ូតូ១គ្រឿងម៉ាក ហុងដាស្កូពី ពណ៌ស សេរី២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GP-0078 កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល​៩យប់ នៅចំណុច​មុខផ្ទះ​លេខ៩៥E0 ផ្លូវលេខ១៤៩ ក្រុម១៥ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ​៧មករា រាជធានីភ្នំពេញ។

ករណីទី២៖ បាញ់ប្លន់យកម៉ូតូ​១គ្រឿង​ម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-3968 កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៧៨ ផ្លូវ២០០៤ សង្កាត់​កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីមានសភាពការខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញ ដែលជាប្រធានគណៈបញ្ជាការឯកភាព​រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកស្នងការរងទទួលផែននគរបាល​ព្រហ្មទណ្ឌ បានបញ្ជាឲ្យការិយាល័យជំនាញ និង​អធិការដ្ឋាន ដែលពាក់ព័ន្ធ ចំណុះឲ្យស្នងការ​ដ្ឋាននគរបាល​រាជធានីភ្នំពេញធ្វើការស្រាវជ្រាវ​ បង្កាបក្រុមចោរប្លន់អាវុធទាំងនោះ។

ជាក់ស្ដែងការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយអធិការ​ដ្ឋាននគរបាល​ខណ្ឌសែនសុខ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ទួលគោក និងពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង​នៃអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបរយៈពេល៣ថ្ងៃ ទើបឈាន​ដល់ការឃាត់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធបានចំនួន២នាក់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច​ផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិ.សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ម៉ែន រ័ត្ន ហៅរ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ ទីលំផ្ទះជួល​គ្មានលេខ ផ្លូវបេតុង ក្រុម៦ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ទី២ ឈ្មោះ ឥន ចាន់ដារ៉ូត ហៅ រ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅ​ផ្ទះជួលគ្មានលេខ ផ្លូវទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ក្នុងនោះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងប្រុសស្រីចំនួន៥នាក់ ទី១ ឈ្មោះ ឃីន ដឺលុច្យ ភេទប្រុស អាយុ៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មាន​លេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរ​ធ្វើជ្រូកខ្វៃ។ ទី២ ឈ្មោះ ប៊ុត សិលា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បុគ្គលិកផ្នែកម្ហូប នៅព្រលានយន្តហោះ។ ទី៣ឈ្មោះ ហេង សាវុធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៥៩០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មុខរបរ មិនពិតប្រាកដ។ ទី៤ឈ្មោះ ហ៊ីម ពៅ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ  ភូមិ.សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរនៅផ្ទះ ។ ទី៥ ឈ្មោះ ហ៊ីម រ៉ែ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ.សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មុខរបរនៅផ្ទះ។

ក្រោយពីបង្ក្រាបជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ កាំភ្លើង២ដើម ម៉ូតូ៤គ្រឿង ទី១ ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-0185 (មធ្យោបាយធ្វើសកម្មភាព) ទី២ ម៉ាកហ្សូម័រអ៊ីច ពណ៌ក្រហមលាយស ពាក់ស្លាក់លេខ ភ្នំពេញ 1GP-9136 ទី៣ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ 10-4175 ទី៤ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ  1P-1862 និងវត្ថុតាងមួយចំនួនទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor