Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានថ្លែងថា ការប្រកាសវិលចូលជាសមាជិក គណបក្សសង្រ្គោះជាតិវិញ របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) មិនមានប្រសិទ្ធភាពសោះឡើយ ព្រោះធ្វើជាសមាជិករបស់ គណបក្សខ្មោច។

ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាបែបនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរី បានចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា លោក សម រង្ស៊ី ប្រកាសនឹងចូលរួម ជាមួយបក្សសង្គ្រោះជាតិឡើងវិញ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បើទោះបីជាបក្សនេះ ត្រូវរំលាយ ឬមិនរំលាយតាមផែនការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃនោះក៏ដោយ។

លោក សុខ ឥសាន បានសរសេរនៅក្នុងតេឡេក្រោម នៅថ្ងៃទី១៣ វិច្ឆិកា ថា លោក សម រង្ស៊ី ជាមនុស្សមាននយោបាយក្រឡិចក្រឡុច យ៉ាងពិតប្រាកដ ហើយការប្រកាសរបស់លោក សម រង្ស៊ី ជាឯកតោភាគីខ្លួនឯង នឹងមិនមានប្រសិទ្ធភាពសោះឡើយ  ព្រោះធ្វើជាសមាជិក របស់គណបក្សខ្មោច

លោកបន្ដថា តើការប្រកាសរបស់ សម រង្ស៊ី មានន័យយ៉ាងណា បើគណបក្សប្រឆាំងត្រូវបាន រំលាយរួចហើយ តើ សម រង្ស៊ី ចូលទៅធ្វើជាសមាជិកគណបក្សណា គឺជាសមាជិកគណបក្ស ដែលបានរលាយរួចហើយនោះ?

លោកបន្ថែមថា លោក សម រង្ស៊ី បាននិយាយថា ខ្លួនបានលាលែងពីគណបក្សប្រឆាំង ដើម្បីកុំឲ្យមានការរំលាយគណបក្សប្រឆាំង ឥឡូវថ្ងៃទី១៦ វិច្ឆិកា នេះ គណបក្សប្រឆាំងត្រូវរំលាយ  ដូច្នេះ ខ្លួនត្រូវចូលមកជាសមាជិកគណបក្សប្រឆាំងវិញ។

សូមរំលឹកថា លោក សម រង្ស៊ី កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រកាសលាលែងពីតំណែង ជាប្រធាន និងសមាជិកភាព គណបក្សសង្រ្គោះជាតិ ។ ការលាលែងពីតំណែងនេះ ត្រូវបានលោក សម រង្ស៊ី បញ្ជាក់ដោយខ្លីថា ដោយសារតែមូលហេតុផ្ទាល់ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor