
ភ្នំពេញៈ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងថា ប្រសិនបើគណបក្សសង្រ្គោះជាតិ ត្រូវរំលាយ ដូច្នេះប្រាក់ខែរបស់តំណាងរាស្រ្តរបស់បក្សមួយនេះ ក៏នឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ។
ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ឡេង ប៉េងឡុង បានឆ្លើយតបសំណួរអ្នកព័ត៌មានថា បើគណបក្សសង្រ្គោះជាតិរំលាយ ចឹងតើប្រាក់ខែតំណាងរាស្រ្តបាត់បង់ទេ? លោកថា ត្រូវតែកាត់ផ្តាចប្រាក់ខែហើយ។
លោកបញ្ជាក់ថា “ បើរំលាយ(CNRP) ហើយអស់ គ្មាគុណសម្បត្តិអីធ្វើតំណាងរាស្រ្តទៀតទេ ចឹងហើយលុបឈ្មោះ កាលណាលុបឈ្មោះអត់មានប្រាក់ខែទៀតទេ”។ លោកថា សូម្បីតែប្រាក់ខែជំនួយការ និងទីប្រឹក្សាក៏ត្រូវកាត់ផ្តាចដែរ។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាវិញលោកថា បើគណបក្សសង្រ្គោះជាតិ ត្រូវរំលាយពិតប្រាកដមែននោះ គឺការសម្រេចស្ថិតនៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តើឲ្យសមាជិករដ្ឋសភាប្រឆាំងនេះបោះឆ្នោត ឬក៏លុបសិទ្ធិបោះឆ្នោត ព្រោះជាធម្មតាសមាជិករដ្ឋសភាជាអង្គបោះឆ្នោតឲ្យព្រឹទ្ធសភា។
សូមបញ្ជាក់ថា បើតាមគម្រោងតុលាការកំពូល នឹងបើកសវនាការរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខ តាមបណ្តឹងរបស់តំណាងមេធាវីក្រសួងមហាផ្ទៃ បន្ទាប់ពីគណបក្សហ៊្វុន ស៊ិន ប៉ិច និងគណបក្សយុវជនកម្ពុជា បានដាក់ពាក្យបណ្តឹងសុំរំលាយគណបក្សនេះ ដោយសារមេបក្ស គឺលោក កឹម សុខា ជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ។ ដើម្បីឲ្យមានភស្តុតាងរឹងមាំ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ដែលមានលោក គី តិច ជាតំណាងនោះ នឹងដាក់ភស្តុងតាំងបន្ថែមទៀតនៅរសៀលថ្ងៃទី១៣ វិច្ឆិកានេះ៕
