Sponsor
រិទ្ធី

កម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេសជាគម្រោងមួយ ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងបរិយាប័ន ដោយគៀងគរវិនិយោគិនជាតិ និងអន្តរជាតិ ស្របតាមគោលដៅអភិវឌ្ឍរបស់អង្គការសហប្រជាជាតិដល់ឆ្នាំ២០៣០ ម្យ៉ាងទៀតជួយរុញច្រានគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអគ្គនាយក អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គសហប្រជាជាតិ (UNIDO) បានជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែមេសា កន្លងទៅអំពីគម្រោងកម្មវិធីសម្រាប់ភាពជាដៃគូប្រចាំ ប្រទេស(PCP) របស់ UNIDO ដែលគម្រោងនេះបានអនុវត្តដោយជោគជ័យនៅប្រទេសបី គឺប្រទេស អេត្យូពី សេនីហ្គាល់ និងប៉េរូ ដោយឡែកនៅតំបន់អាស៊ី អង្គការ UNIDO បានជ្រើសរើសប្រទេសកម្ពុជាជាប្រទេសគំរូក្នុងការអនុវត្តកម្មវិធីនេះ។ 

នៅដើមសប្តាហ៍នេះក្រុមអ្នកជំនាញការក៏ដូចជាអ្នកតំណាង UNIDO បានបើកសិក្ខាសាលាពិគ្រោះយោបល់ ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម សុខ ចិន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

ដើម្បីឱ្យគម្រោងកម្មវិធីអនុវត្តបានជោគជ័យតាមការរំពឹងទុក ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់អនុសាសន៍ទៅលើការកំណត់កាលបរិច្ឆេទច្បាស់លាស់នៃការអនុវត្តគម្រោងកម្មវិធីនីមួយៗ តាមរយៈការបង្កើតក្រុមការងារជំនាញដោយឡែកៗពីគ្នា ដើម្បីអនុវត្តទៅលើវិស័យជាអាទិភាពតាមផែនការជាក់លាក់ ដូចជា៖ការគណនាឱ្យឃើញនូវតម្លៃសង្វាក់ផលិតកម្ម

-គុណសម្បត្តិនៃតំបន់សេដ្ឋកិច្ចពិសេស ភាពចាំបាច់នៃការកាត់បន្ថយបែបបបទរដ្ឋបាលស្មុគស្មាញ កិច្ចសម្រួលពាណិជ្ជកម្ម ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងតម្រូវការនៃការបង្កើតមជ្ឍមណ្ឌលវិជ្ជាជីវៈ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងជំនាញឱ្យឆ្លើយតបនឹងទីផ្សារការងារ ។ល។  
កម្មវិធី PCP ខាង UNIDO ផ្តោតលើវិស័យបីជាអាទិភាព៖

១- វិស័យទេសចរណ៍ប្រកបដោយចីរភាព

២- វិស័យកសិ-ឧស្សាហកម្ម

៣- ពិពិធកម្ម(ការធ្វើឱ្យផ្សេងៗគ្នា)ឧស្សាហកម្ម

ការអនុវត្តគម្រោងនេះសំដៅទៅលើខេត្តតាមមាត់សមុទ្រ (ខេត្តកោះកុង កំពត ព្រះសីហនុ និងខេត្តកែប) និងខេត្តសៀមរាប។ 
នៅថ្ងៃទី៨-៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមជំនាញការ UNIDO អមដំណើរដោយមន្ត្រីតំណាងអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចុះជួបពិភាក្សាជាមួយសភាពាណិជ្ជកម្ម អភិបាលខេត្តកំពត និងខេត្តព្រះសីហនុ និងវិស័យឯកជន ដើម្បីស្វែងយល់ពីសក្តានុពល ឱកាសវិនិយោគ និងបញ្ហាប្រឈម ក៏ដូចជាធ្វើស្ថិតិទៅលើវិស័យ៣ខាងលើ។ 

សូមបញ្ជាក់ថាគម្រោងនេះនឹងចាប់អនុវត្តនៅឆ្នាំ២០១៨នេះ ហើយនៅចុងខែវិច្ឆិកានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នឹងដឹកនាំប្រតិភូក្រសួងអញ្ជើញទៅចូលរួមសន្និសីទ្ទលើកទី១៧របស់អង្គការ UNIDO នៅទីក្រុង វីយ៉ែន ប្រទេសអូទ្រីស ព្រមទាំងត្រៀមចុះហត្ថលេខាលើការអនុវត្តគម្រាងកម្មវិធី PCP នេះផងដែរ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor