
កំពង់ឆ្នាំងៈ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយត្រូវរថយន្តធុនធំ១គ្រឿងបើកបុកពីក្រោយពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៨-៨៩ ស្ថិតក្នុងភូមិតំណាក់ពពូល សង្កាត់កំពង់ឆ្នាំង។
ប្រភពពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ធីម សុផាន្នី អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១C នៃវិទ្យាល័យព្រះបាទសុរាម្រឹត មានឪពុកឈ្មោះ យុន ធីម ម្តាយឈ្មោះ គឿន សុផល អ្នកទាំង៣ រស់នៅក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ។
ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ងូ យន់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងងូ ឃុំទឹកល្អក ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។
ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ភំ្នពេញ 3A-8579។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះខាងលើជិះកង់ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈនោះ ស្រាប់តែមានរថយន្តធុនធំ១គ្រឿង បើកបរមកពីក្រោយស្របទិសគ្នា ជ្រុលបុកពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ ហើយអ្នកបើកបររថយន្តបានព្យាយាមបើកគេចខ្លួន តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចស្ទាក់ចាប់បាននាំយកទៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។
ក្រោយកើតហេតុ សាកសពក្មេងស្រីរងគ្រោះ ត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕






