
កណ្តាលៈ សមត្ថកិច្ចចាប់បានចោរឆក់ការបូបម្នាក់ ក្នុងចំណោម២នាក់ បែរជាលេចឮព័ត៌មានថា ហាងខារ៉ាអូខេមួយកន្លែង យីហោ The voice KTV នៅក្រុងតាខ្មៅ បានអនុញ្ញាតិឲ្យយុវជនសេពថ្នាំញៀនទៅវិញ។
លោក ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានឲ្យថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ រី ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ និងបក្ខម្នាក់ទៀតរត់គេចខ្លួន។ ចំណែកនារីរងគ្រោះឈ្មោះ យូ សុខគង់ អាយុ៣៨ឆ្នាំ។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌ស, ថ្នាំញៀន១កញ្ចប់ និងទូរស័ព្ទ១គ្រឿង រួមទាំងសម្ភារមួយចំនួនទៀត។

មន្ត្រីដដែលបានបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្រោយឆក់កាបូបពីស្ត្រីម្នាក់កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា ថ្នាំទាំងនេះ គេបានទិញពីចាក់អង្រែលើ ក្នុងតម្លៃ១០ដុល្លារ យកទៅប្រើប្រាស់នៅហាងខារ៉ាអូខេ យីហោ The voice KTV ផ្លូវលេខ១១០ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនសង្ស័យនិយាយថា យុវជនភាគច្រើនបាននាំគ្នាទៅប្រើប្រាស់ថ្នាំញៀននៅទីនោះ ដោយពុំសូវទៅច្រៀងខារ៉ាអូខេ ប៉ុន្មានទេ។
បន្ទាប់ពីបែកធ្លាយរឿងនេះ សមត្ថកិច្ចក៏បានហៅម្ចាស់ទីតាំងខារ៉ាអូខេខាងលើមកសាកសួរ និងបានឲ្យធ្វើកិច្ចសន្យា៤ចំណុច ដើម្បីបញ្ឈប់អំពើររបស់ខ្លួន បើមិនដូច្នេះទេ សមត្ថកិច្ចនឹងចាត់ការតាមច្បាប់ ឬឈានដល់បិទទីតាំងអាជីវកម្មចោលតែម្តង៕



