
ភ្នំពេញៈ ប្រតិបត្តិការដ៏ក្ដៅគគុករបស់កម្លាំងសមត្ថកិច្ចនគរបាលជាតិកម្ពុជា អស់រយៈពេលប្រមាណជិត១២ម៉ោង ទើបសង្គ្រោះបានជនរងគ្រោះម្នាក់ និងចាប់ខ្លួនជនល្មើស៣នាក់ រួមនឹងកាំភ្លើង ព្រមទាំងវត្ថុតាងយ៉ាងច្រើនផ្សេងទៀត។ ប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរកឃើញគ្រោងការចាប់ជំរិតមនុស្ស៦នាក់ផ្សេងទៀត ដែលក្រុមជនល្មើសបានកំណត់អត្តសញ្ញាណជនរងគ្រោះរួចរាល់ផងដែរ។
កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទកាសែតបង្ហាញមុខជនល្មើសជាជនជាតិចិន ចំនួន៣នាក់ វត្ថុតាង និងរថយន្តសម្រាប់ធ្វើសកម្មភាព នៅស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី១០ ខែធ្នូនេះ ដោយបញ្ជាក់ថា ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបក្រុមជនប្រដាប់អាវុធ រយៈពេល១១ម៉ោង និង៣០នាទី ទើបបញ្ចប់ដោយជោគជ័យ ដែលបានចាប់ជំរិតជនជាតិចិនម្នាក់។ ប្រតិបត្តិការនេះ បញ្ជាដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកស្នងការរង ព្រមទាំងមន្រ្តីជំនាញ និងមានការសហការដ៏ល្អជាមួយនាយកដ្ឋានសន្តិសុខផ្ទៃ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលធ្វើឡើងកាលពីវេលាម៉ោង៦៖៣០នាទី យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ស្ថិតនៅផ្ទះជួលមួយកន្លែង ក្នុងបុរី ប៊ីអេស ក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បើតាមសមត្ថកិច្ច ជនល្មើសមានគ្នា៣នាក់ រួមមាន ទី១.ឈ្មោះ ZHENG RONGMAO ភេទប្រុស ជនជាតិចិន អាយុ២៦ឆ្នាំ ទី២.ឈ្មោះ DAI HONGDA ភេទប្រុស ជនជាតិចិន អាយុ២៣ឆ្នាំ និងទី៣.ឈ្មោះ LIN JINPEI ភេទប្រុស ជនជាតិចិន អាយុ២៤ឆ្នាំ។ ជាមួយការចាប់ខ្លួន សមត្ថកិច្ចក៏បានរកឃើញ និងចាប់យកបានវត្ថុតាងមួយចំនួនផងដែរ រួមមាន កាំភ្លើងខ្លីម៉ាក BERETTA STOM ចំនួន១ដើម មានបង់២ មានគ្រាប់ចំនួន១០គ្រាប់ កូនកាំបិតមួយ ខ្សែចងរឹត(ស៊ីល)២ដុំ ទូរស័ព្ទដៃ៦គ្រឿង និងរថយន្ត ឡិចសីស RX300 ចំនួន១គ្រឿង។ ចំណែកជនរងគ្រោះឈ្មោះ LI FUJIE ភេទប្រុស អាយុ៤៧ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចរំដោះឲ្យទទួលបានសុខសុវត្ថិភាពយ៉ាងជោគជ័យផងដែរ។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ថ្លែងក្នុងសន្និសីទកាសែតនេះថា ករណីចាប់ជំរិតជនជាតិចិននេះ បានកើតឡើងតាំងពីយប់ថ្ងៃទី៨ ទី៩ ខែធ្នូ ឆ្នាំ២០១៧ថ្មីៗនេះ ស្ថិតនៅចំណុចក្រុមទី១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្រុមជនសង្ស័យបានរៀបផែនការយ៉ាងល្អិតល្អន់ តាមដានឃ្លាំមើលជនរងគ្រោះធ្វើដំណើ។ ពេលជនរងគ្រោះ បើករថយន្ដម៉ាក PORSCHE ម្នាក់ឯង មកដល់កន្លែងស្ងាត់ ត្រង់ចំណុចជិតស្ថានីយ៍ចម្រោះទឹកនៅអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានបើករថយន្ដ Lexus ស្ទាក់គៀរ ហើយជនរងគ្រោះបានឈប់រថយន្តដើម្បីសួរនាំ ក៏ត្រូវពួកជនល្មើសយកកាំភ្លើងភ្ជង់ និងចាប់ក្រៀកដាក់ឡានសង្កត់ក្បាលចុះក្រោម ដោយចងដៃជាមួយខ្សែរឹត (ខ្សែស៊ីល) ហើយយកជនរងគ្រោះទៅបង្ខាំងទុកនៅផ្ទះជួលក្នុងបុរី ប៊ីអេស អូរទី១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកស្នងការបន្តថា បន្ទាប់ពីជនល្មើសធ្វើសកម្មភាពចាប់ជនរងគ្រោះបង្ខាំងបានសម្រេច ពួកវាបានទុកគ្នាវាម្នាក់ឲ្យនៅយាមជនរងគ្រោះ រីឯ២នាក់ទៀត បើករថយន្តរបស់ជនរងគ្រោះម៉ាក PORSCHE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-2908 យកទៅផ្លុងចោលនៅចំណុចបេនឡានចាស់ ជិតកាំកុងត្រូល។ លុះប្រមាណជិត២ម៉ោងក្រោយមក ក្រុមជនសង្ស័យបានទូរស័ព្ទជំរិតទារប្រាក់ពីប្អូនជនរងគ្រោះចំនួន៨០ម៉ឺនដុល្លារ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ មកពីប្រទេសចិន បានប្រើប្រាស់លិខិតឆ្លងដែនពីរផ្សេងៗគ្នា ពោល គឺប្រើលិខិតពិតប្រាកដ សម្រាប់ការធ្វើទិដ្ឋាការធ្វើដំណើរ រីឯលិខិតឆ្លងដែនក្លែងក្លាយសម្រាប់ការជួលរថយន្ត និងជួលផ្ទះ ដើម្បីពួកគេងាយផ្លាស់ប្តូរអត្តសញ្ញាណ និងទីតាំងគេចខ្លួនក្រោយពេលបែកការណ៍។ លោកបន្ថែមថា ក្រុមនេះ មកប្រទេសកម្ពុជា ដើម្បីតាមសម្គាល់មើលអ្នកវិនិយោគចិន ដែលមានលុយច្រើន ដោយបានកត់លេខរថយន្តចំនួន៦គ្រឿង មានបំណងចាប់ជំរិត ប៉ុន្តែទើបនឹងប្រព្រឹត្តបានមួយលើក ក៏ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បង្រ្កាបបានទាំងស្រុងតែម្ដង៕












