
ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចង់ឲ្យមាននគរបាល ធ្វើការងារនៅ ឃុំ-ស្រុក ណាដែលជាដើមកំណើតខ្លួនបានកើត ដើម្បីមានភាពងាយស្រួល ក្នុងការធ្វើដំណើរ និងចំណេញពេលវេលាផងដែរ ។
ក្នុងសន្និបាតពង្រឹងការងារប៉ុស្ដិ៍នគបាលរដ្ឋបាល ទូទាំងប្រទេស លើកទី២ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ សម្ដេច ស ខេង បានថ្លែងថា ពេលមានការប្រឡង ជាប់ក្របខណ្ឌរដ្ឋម្ដងៗ មន្រ្តីនគរបាល ភាគច្រើន បានផ្ទេរចេញទៅខេត្តផ្សេងៗទៅវិញ ទើបធ្វើឲ្យមានការលំបាក ដោយត្រូវចាកចេញពីស្រុកកំណើត ។
សម្ដេច ស ខេង បានថ្លែងថា “កន្លងទៅយើងបានឯកភាពគ្នា កំណត់ថា នគរបាលធ្វើការនៅកន្លែងណា នៅឃុំណា គឺយើងចង់យកអ្នកមានដើមកំណើត នៅកន្លែងនុង”។

សម្ដេច បានស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពិនិត្យ ចំពោះបញ្ហាទីលំនៅនគរបាលធ្វើការ តើនគរបាល សព្វថ្ងៃមកពីឃុំណាខ្លះ? ដោយសារតែមិនបានកំណត់នគរបាល ធ្វើការងារមកពីឃុំណា ទើបកន្លែងខ្លះមនុស្សធ្វើការរហូត ៕