
តាកែវ÷ យោងតាមពីប្រជាពលរដ្ឋ រស់នៅក្បែរឃ្លាំងស្ដុកឈើខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិប្រហូត សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រាប់ភ្នាក់ងារ SwiftNews ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ ឃ្លាំងឈើខុសច្បាប់នោះ បានកំពុងតែរៀបចំស្ទូចឈើត្រៀមនឹងដឹកចេញទៅលក់បន្តឲ្យឈ្មួញម្ខាងទៀត លក្ខណៈទ្រុងទ្រាយធំ នៅប្រទេសវៀតណាម ដោយគ្មានអាជ្ញាធរពាក់ពន្ឋណាម្នាក់ហ៊ានចេញមុខមកចុះបង្រ្កាប បើទោះបីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ យ៉ាងណាក្ដី។ វាជារឿងមួយគួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តសម្រាប់អ្នកខេត្តតាកែវ ខណៈដែលខេត្តមួយនេះ ជាខេត្តដែលគ្មានព្រៃឈើធំៗ ប៉ុន្តែកើតមានបទល្មើសព្រៃឈើនៅកណ្តាលក្រុង និងមានមន្ត្រីនគរបាលជាន់ខ្ពស់ក្នុងខេត្តម្នាក់ ជាអ្នករកស៊ីបទល្មើសនេះទៅវិញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែល បានប្រាប់បន្តឲ្យដឹងថា ឈើប្រណីតគ្រប់ប្រភេទដែល ក្រុមឈ្មួញដឹកពីខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ យកមកស្តុកក្នុងឃ្លាំងខាងលើរួចដឹកជញ្ជូនបន្តយកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដូចជា សង្កាត់ផ្នែក និងខណ្ឌមិនបង្ក្រាបឡើយ ព្រោះមេឈ្មួញបានបង់លុយឱ្យគ្រប់គ្នា។ ឈើប្រណីតទាំងនោះភាគច្រើនក្រុមឈ្មួញដឹកជញ្ជូនទៅលក់ឱ្យឈ្មួញវៀតណាម តាមទូកឆ្លងកាត់ច្រកថ្មបីដុំ និងឆ្លងកាត់តាមច្រកបាក់ដៃ។ ប្រភពព័ត៌មានពីមន្ត្រីនគរបាលតូចតាចនៅខេត្តតាកែវ សូមមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ចំពោះអ្នកកាងរថយន្តដឹកឈើទៅប្រទេសវៀតណាមបានយ៉ាង រលួនដោយសារមានលោកស្នងការរងនគរបាលដ៏មានឥទ្ធិពលម្នាក់ និងជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចឱ្យលោកអភិបាលខេត្តផងដែរ។ ប្រភពបានបន្តថា លោកស្នងការរងរូប នេះគ្រប់គ្រងកញ្ចប់លុយពីថៅឈើរួច លោកបែងចែកទៅស្ថាប័នពាក់គ្រប់ជំនាញ (អ្នកបោះមេ) ហើយសមត្ថកិច្ចក្នុងខេត្តតាកែវ គ្រាន់គ្រាន់តែឮឈ្មោះមិនហានប៉ះទេ ព្រោះខ្លាចឥទ្ធិពលរបស់គាត់ខ្លាំងណាស់។

លើករណីនេះមានអ្នកកាងឈើ ក្នុងជួរកងកម្លាំងនគរបាលខេត្ត ក្រុមការងារព័ត៌មានយើង បានទាក់ទងទៅ លោកឧត្តមសេនីយទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកក៏ឆ្លើយថាមិនដឹងដែរ ហើយលោកបានប្រាប់ថា ឲ្យសួរមេបញ្ជាការកងរាជអាវុធហត្ថទៅបានដឹង ។
ចំពោះករណីនេះលោក ស៊ឹម ឡាប៉ាំង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ លោកបានឆ្លើយដោះសារថា រឿងឃ្លាំងឈើនេះ លោកមិនបានដឹងទេ លោកនឹងចាត់កម្លាំងចុះទៅពិនិត្យ តែចុងក្រោយមិនឃើញសូម្បីស្រមោលមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់។
ក្រុមការងារព័ត៌មានយើងក៏បាន ទាក់ទងបន្តទៅ លោក ឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានឲ្យដឹងតាមទូរស័ព្ទថា ទាក់ទិននឹងករណីនេះ មានតែនាយខ័ណ្ឌរដ្ឋបាលព្រៃឈើទេបានដឹង ចំណែកខាងកងរាជអាវុធហត្ថលោកមិនដឹងទេ។ លោកបានបន្តថាកម្លាំងលោកគ្រាន់តែជាអាជ្ញាធរ ដែលស្ថិតក្រោមបញ្ជារបស់គណៈបញ្ជាការខេត្តតែប៉ុណ្ណោះ ហើយលោកបានបន្ថែមទៀតថា បញ្ហាបទល្មើលព្រៃឈើមានតែរដ្ឋបាលព្រៃឈើទេ ដែលមានសមត្ថកិច្ចបង្ក្រាប ឬអាចឃុបឃិតគ្នាជាមួយឈ្មួញ ហេតុអ្វីត្រូវឆ្លើយថាមិនដឹង លោកបានប្រាប់ទៀតថា ចាំលោកទាក់ទងទូរស័ព្ទទៅសួរសិន។
ចំណែកឯ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រោយពេលអ្នកសារព័ត៌មានខលចូល និងរាយការណ៍ជូន លោកថា លោកកំពុងជាប់រវល់ប្រជុំ នៅភ្នំពេញ រួចក៏បិទទូរស័ព្ទបាត់។



សូមបញ្ជាក់ផងដែរថា លើករណីឈើខុសច្បាប់នេះមន្ត្រីនគរបាលម្នាក់នៅស្នងការដ្ឋានខេត្ត សូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ឲ្យដឹងថា ឃ្លាំងឈើនេះជារបស់នគរម្នាក់ទៀត ដែលមានសក្តិធំហើយខ្នងក្រាស់នៅក្នុងខេត្ត ដូច្នេះហើយគ្មានអ្នកណាឆ្លើយថាដឹងទេ បើទោះជាដឹងក៏ធ្វើមិនដឹងដែរ បានត្រឹមតែឈរអោបដៃមើល នគរបាលសិក្ដធំនោះ ប្រព្រឹត្តល្មើសស្រេចតែអំពើចិត្ត ព្រោះអាងខ្នងអ្នកធំជាងគេក្នុងខេត្តតាកែវមួយនេះ។
ចំពោះករណីមាននគរបាលសិក្ដធំម្នាក់ កាងឃ្លាំងស្ដុកឈើដ៏ធំមួយ នៅកណ្ដាលក្រុងដូនកែវ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីសំណាក់ក្រុមប្រជាពលរដ្ឋរស់ នៅក្បែរឃ្លាំងស្ដុកឈើនោះ មកកាន់ក្រុមអ្នកសារព័ត៌មាន បានបន្តរាយការណ៍ទៅកាន់គណៈបញ្ជាការធំៗ នៅក្នុងខេត្ត និងមន្ត្រីជំនាញ តែចុងក្រោយមិនមានមន្ត្រីជំនាញណាអើតមកពិនិត្យឡើយ ឬទាក់ទងមកផ្ដល់ចម្លើយ ដល់ក្រុមអ្នកសារព័ត៌មាន ថាយ៉ាងមិចៗនោះទេ ហើយនេះអាចសបញ្ជាក់ឲ្យឃើញថា ទំនងជាឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធផងក៏មិនដឹង ទើបឆ្លើយរុញដាក់គ្នាទៅវិញទៅមកយ៉ាងដូច្នេះ។
សូមបញ្ជាក់ដែតថា ឈើប្រណីតគ្រប់ប្រភេទត្រូវបានក្រុមឈ្មួញដឹកជញ្ជូនពីខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ចូលខេត្តតាកែវ រួចបន្តនាំចេញទៅកាន់ប្រទេសវៀតតាមផ្លូវទឹក ដឹកតាមទូកវៀតណាមធំៗ ចេញពីស្រុកបុរី ជលសា និងស្រុកអង្គរបុរី តាមច្រកថ្មបីដុំ និង ច្រកបាក់ដៃ ដោយមានការឃុបឃិតបើកភ្លើងខៀវពីមន្ត្រីពាក់ព័ន្ធចាប់ពីលើគោក រហូតក្នុងទឹកមិនរំលងឡើយ ៕