Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ប្រទេសជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងអង្គការ JICA នៅតែបន្តជួយមក គ.ជ.ប បន្ថែមទៀត ក្នុងការងារបច្ចេកទេស និងថវិកា ដោយមិនលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់ គ.ជ.ប ខណៈសហភាពអឺរ៉ុប បានប្រកាសព្យួរជំនួយមក គ.ជ.ប។

ក្នុងជំនួបពិភ្សាការងារជាមួយលោក គីម យ៉ុងហ៊ី (Kim YongHi) អគ្គលេខាធិការសមាគម នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតពិភពលោក (A-WEB) កាលពីថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លោក ស៊ិក ប៊ុនហុក បានថ្លែងថា “គ.ជ.ប នៅតែបន្តការងាររបស់ខ្លួនជាប្រក្រតី ហើយភាគីជាច្រើនរួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង និងរុស្ស៊ី ហើយជាពិសេសអង្គការ JICA ដែលពីមុននិងបច្ចុប្បន្ន នៅតែបន្តជួយ គ.ជ.ប ទៀតក្នុងការងារបច្ចេកទេស និងថវិកាដោយមិនលូកលាន់ ក្នុងកិច្ចការផ្ទៃក្នុងរបស់ គ.ជ.ប ទេ”។

លោកបន្ដថា គ.ជ.ប ខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងគោលដៅឲ្យប្រជាពលរដ្ឋកម្ពុជា មានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានមកបោះឆ្នោត និងសំឡេងរបស់ពួកគាត់ ត្រូវបានរាប់យ៉ាងត្រឹមត្រូវ ។

លោកបន្ថែមថា គ.ជ.ប បានរៀបចំការបោះឆ្នោត ជាច្រើនលើកច្រើនសារមកហើយ ថ្មីៗនេះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយគ្មានភាគីណាមួយតវ៉ានោះទេ ហើយ គ.ជ.ប នៅតែបន្តមាគ៌ានេះទៀត សម្រាប់ការបោះឆ្នោតនៅពេលបន្តបន្ទាប់។

គ.ជ.ប ក៏បានវាយតម្លៃខ្ពស់ ចំពោះសមាគម A-WEB ផងដែរ ដែលបានចែងយ៉ាងច្បាស់ ពីធម្មនុញ្ញរបស់ខ្លួន ត្រង់មាត្រា ៣-១ ថា “សមាគម A-WEB ជាសមាគមមិនធ្វើនយោបាយមានស្វ័យភាព និងឯករាជ្យដែលរួមបញ្ចូលសមាជិក ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិភពលោក និងគ្មានឆន្ទៈលូកដៃចូលក្នុងដែនអធិបតេយ្យ របស់ប្រទេសជាសមាជិកនោះទេ” ។ លោក ស៊ិក ប៊ុនហុក បានបន្ថែមថា គ.ជ.ប នឹងសហការជាមួយ A-WEB ជាជំហានៗ មុននឹងក្លាយខ្លួនជា សមាជិកនៃសមាគមនេះ។

ចំណែកលោក គីម យ៉ុងហ៊ី បានលើកឡើងថា A-WEB មានសមាជិកចំនួន ១០៩ មកពី១០៣ប្រទេស បាន និងកំពុងធ្វើការងារយ៉ាងច្រើន ដើម្បីធ្វើយ៉ាងណាសហការគ្នា ក្នុងគោលបំណងឲ្យការបោះឆ្នោត ក្នុងប្រទេសនីមួយៗប្រព្រឹត្តទៅ កាន់តែមានសុក្រឹត្យភាព និងមានតម្លាភាព។

លោកបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប និងគាំទ្រ ព្រមទាំងរង់ចាំ សហការជាមួយ គ.ជ.ប៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor