តារាសម្តែងកញ្ញា រៀម ច័ន្ទបរម៉ី បានដកខ្លួនពីសង្វៀនសិល្បៈមួយរយៈមកហើយ បន្ទាប់ពីនាងបានជួបគូស្នេហ៍មន្រ្តីគយ និងជាពោះម៉ាយមានទ្រព្យម្នាក់។ ពេលនេះខណៈដែលស្នេហ៍ក្រៅចំណងអាពាហ៍ពិពាហ៍ត្រូវឆេះខ្លោច រៀម ច័ន្ទបរម៉ី ក៏បានបង្ហាញវត្តមានក្នុងឆាកសិល្បៈមកវិញ ហើយកញ្ញាមានសម្រស់កាន់តែស្អាត និងស្លៀកពាក់កាន់តែសិចស៊ីជាងមុនថែមទៀត។
ទោះបីជាបញ្ហាផ្លូវចិត្តមិនទាន់ជ្រុះអស់ការឈឺចាប់ក្តី ប៉ុន្តែតារាសម្តែងកញ្ញា រៀម ច័ន្ទបរម៉ី នៅតែប្រឹងញញឹមចំពោះមុខមហាជន និងព្រមទាំងដាក់ចិត្តវិលមកចាប់អាជីពសិល្បៈជាថ្មីវិញហើយ។ កញ្ញាបានប្រាប់អ្នកយកព័ត៌មានយើងយ៉ាងខ្លីពីរឿងពីរឿងស្នេហ៍បរាជ័យថា នាងនៅមិនទាន់ជ្រុះអស់ការឈឺចាប់នៅឡើយ ព្រោះស្នេហាចុងក្រោយដែលទើបបាត់បង់បានបន្សល់ទុកមេរៀនជាច្រើនឲ្យនាងបានដឹងកាន់តែច្បាស់ពីបញ្ហាជីវិត។
កញ្ញាបន្តថា នាងមិនចង់និយាយច្រើនទេ ព្រោះរឿងដែលកន្លងហួសហើយឲ្យវារលាយទៅតាមពេលវេលាទៅចុះ ហើយនាងនឹងវិលមកចាប់កាន់អាជីពសិល្បៈជាថ្មីឡើងវិញ ព្រោះពេលនេះមានការងារជាច្រើនបានរង់ចាំនាង ពោលគឺរឿងស្នេហាប្រហែលជានាងឈប់គិតមួយរយៈធំហើយ ដោយសារបុរសដែលនាងបានជួបសុទ្ធតែមានចំណុចល្អតែពីរដំបូងទេ។

ទន្ទឹមនឹងការវិលមកជាន់ឆាកសិល្បៈឡើងវិញ ដ្បិតតែតារាសម្តែងកញ្ញា រៀម ច័ន្ទបរម៉ី បៀមជាប់នូវទុក្ខកង្វល់ក្តី ប៉ុន្តែងាកមកមើលពីសម្រស់តារាស្រីរូបនេះវិញ គឺកាន់តែស្អាត និងស្លៀកពាក់សិចស៊ីជាងមុន។ រូបភាពទាំងនេះមានមិត្តភក្តិក្នុងសិល្បៈខ្លះដែលបានចូលរួមក្នុងពិធីខួបកំណើតលោក អ៊ឹម ជីវ៉ា បាននិយាយចំអន់ឲ្យកញ្ញា រៀម ច័ន្ទបរម៉ី ថា ខូចចិត្ត តែសម្រស់ស្រស់ស្អាតបែបនេះ ប្រហែលជាមិនយូរទេ និងមានបុរសជិះសេះសមកធ្វើជាគ្រូពេទ្យថែស្អំបេះដូងនាងជាមិនខាន ប៉ុន្តែការCommentពីមិត្តភក្តិខាងលើត្រូវបាន នាងច្រានចោលដោយ ប្រើពាក្យថា ពេលនេះទាល់តែយូរបន្តិចទើបទទួលយកស្នេហា ព្រោះនាងមិនទាន់រសាយការឈឺចាប់នៅឡើយ៕

