Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ ស្ត្រីជាម្ដាយម្នាក់ និងកូនប្រុសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈជិះម៉ូតូទៅបុកជាមួយរថយន្តក្នុងទិសដៅបញ្ជ្រាសទិសគ្នា។ ករណីនេះ កើតឡើងនៅវេលាម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ៦៩B ត្រង់ចំណុចស្រះម្លិះ ស្ថិតក្នុងភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចមូលដ្ឋាន ឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ស្រី ធី អាយុ៤០ឆ្នាំ ជាប្រពន្ធរបស់ឧត្តមសេនីយ៍ទោ ចាន់ ណារឿន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងកូនប្រុសអាយុ៤ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែកឯភាគីរថយន្តឈ្មោះ ជិន កេត ភេទប្រុស អាយុ៥៨ឆ្នាំ ជាមេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៩។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ គេបានប្រទះឃើញស្ត្រីរងគ្រោះជិះម៉ូតូម៉ាក Zoomer X ពណ៌ត្រួយចេក ពាក់ស្លាកលេខ សៀមរាប​1X-8794 ក្នុងទិសដៅបញ្ជ្រាសទិសជាមួយរថយន្ត ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7551។ លុះមកដល់កន្លែងកើតហេតុ ម៉ូតូបានរេចង្លូតទៅបុកចំពីមុខរថយន្តពេញទំហឹង បណ្តាលឲ្យស្ត្រីជាម្តាយ ខ្ទាតចេញពីម៉ូតូប្រហែល៥ម៉ែត្រ និងកូនប្រុសកៀបជាប់នឹងម៉ូតូ ស្លាប់ភ្លាមៗតែម្តង។

ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានចុះធ្វើការវាស់វែង និងយកវត្ថុតាងទាំងពីរ មានរថយន្ត និងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសាកសពពីរនាក់ម្តាយ និងកូន ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor