
ភ្នំពេញៈ ហាងបរទេស ដែលនិយមយកផើងផ្កា និងដាំដើមឈើរួមទាំងសាងសង់សំណង់រឹងលម្អក្បែរហាង រំលោភចិញ្ចើមផ្លូវសាធារណៈ សម្រាប់អ្នកថ្មើរជើងនោះនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យអភិបាលរង២នាក់ ត្រូវតែសហការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះអប់រំណែន និងធ្វើកិច្ចសន្យាបញ្ឈប់ការរំលោភចិញ្ចើមផ្លូវសាធារណៈ តទៅទៀត។
ហាងបរទេស ដែលត្រូវកម្លាំងគណៈបញ្ជាការឯកភាព ចុះណែនាំនោះ នៅចំណុចហាងខេវ៉េស(Kwest) ស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ ក្នុងប្រតិបត្តិការនោះដែរ អាជ្ញាធរដោយទុកឱសាន្ដឱវាទរយៈពេល១សបា្តហ៍ ដើម្បីឲ្យម្ចាស់ហាងខាងលើ ធ្វើការកាត់ដើមឈើ និងរុះរើសំណង់រឹងមាំចេញពីចំណីផ្លូវសាធារណៈ។
គួរបញ្ជាក់ថា នៅថ្ងៃដដែលនោះដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ បន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវ និងមហាវិថីសំខាន់ៗ ក្នុងមូលដ្ឋានខណ្ឌ រួមមាន មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរវិថីព្រះស៊ីសុវត្ថិ, មហាវិថីសុរាម្រឹត, ផ្លូវលេខ៧០, ផ្លូវភ្លោះព្រះអង្គឌួង, ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ១០៦-១០៨ ជុំវិញរង្វង់មូលគួចកាណុង(រង្វង់មូលជ្រោយចង្វារខាងលិច) ព្រមទាំងជុំវិញរមណីដ្ឋានប្រវត្តសាស្ត្រវត្តភ្នំ ។




ជាមួយគ្នានោះដែរ រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តចុះអប់រំណែនាំ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយមហាវិថីធំៗ ក្នុងមូលដ្ឋានខណ្ឌជាប្រចាំ ក៏ប៉ុន្ដែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែមិនសហការយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដោយបានបន្តប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈប្រកបអាជីវកម្មផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍សាធារណៈដដែល ។
ជាក់ស្ដែង ក្នុងប្រតិបត្តិការរៀបចំចិញ្ចើមផ្លូវសាធារណៈនេះ រដ្ឋបាលខណ្ឌ បានចាត់វិធានការចំពោះការឈប់ចតយានយន្ដ និងការដាក់លក់គ្មានសណ្ដាប់ធ្នាប់ រួមមានៈ ឃាត់រថយន្តបានចំនួន៣គ្រឿង(នៅខាងមុខស្ថានទូតបារាំង ១គ្រឿង នៅមុខសួនច្បារទីរួមផ្សារចាស់ ១គ្រឿង និងក្រោយធនាគារកាណាឌីយ៉ា ១គ្រឿង)រទេះលក់មីឆាចំនួន ៨គ្រឿង នៅខាងមុខសាលាCamED កង់បីនៅជុំវិញវត្តភ្នំចំនួន១១គ្រឿង ដោយបានស្ទូចអូសយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើកាអប់រំណែនាំ និងធ្វើកិច្ចសន្យាតាមនីតិវិធី៕







