Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាល់ទាត់ៈ កីឡាករ​ ចាន់ វឌ្ឍនាកា បាន​ប្រកាស​ជា​សាធារណៈ ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ម្សិលមិញ​ថា ​រូប​គេ​នឹង​ចូលរួម​ជាមួយ​ក្រុម​ Panhag FA សមាជិក​លីគ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) ក្នុង​រយៈពេល​១រដូវកាល ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ ស្រប​ពេល​ដែល​មាន​ដំណឹង​លេចឭ​ថា ​កីឡាករ​រូប​នេះ​​ ទទួល​បាន​កម្រៃ​ពលកម្ម​ប្រមាណ​ជិត​២ម៉ឺន​ដុល្លារ​អាមេរិក។

កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ ​បាន​ប្រកាស​ថា​ «ខ្ញុំ​មាន​កិត្តយស​សូម​ជម្រាប​ជូន​ពុកម៉ែ​បងប្អូន​អ្នក​គាំទ្រ​ទាំង​អស់​គ្នា​ថា ​ខ្ញុំ​បាន​ចុះ​កិច្ចសន្យា​មួយ​ឆ្នាំ​ជាមួយ​ក្លិប Pahang FA ប្រទេស​ម៉ាឡេស៊ី សូម​ពុកម៉ែ​បងប្អូន​ទទួល​ជោគជ័យ​ក្នុង​អាជីព​នៅ​ទីនេះ»។ យ៉ាងណាក្តី​ ក្រោយ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុម​ជើង​ឯករង​លីគ​កំពូល​ម៉ាឡេស៊ី នេះ​រួចរាល់ ចាន់ វឌ្ឍនាកា ត្រូវ​ត្រឡប់​មក​កម្ពុជាវិញ ​នៅ​ព្រឹក​​ថ្ងៃ​សៅរ៍ នេះ​វិញ។

កីឡាករ​ដែល​ជា​កូន​ប្រុស​អភិបាល​ខេត្ត​កំពត រូប​នេះ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​អះអាង​ថា ​​នឹង​ទទួល​បាន​ប្រាក់​ខែ​រហូត​ដល់១៥០០០​ដុល្លារ ជាមួយ​ក្លិប​ថ្មី​នៅ​ប្រទេស​ម៉ាឡេស៊ី បូក​ទាំង​ប្រាក់​ចំណាយ​ផ្សេង​ៗ​ប្រហែល​៥០០០​ដុល្លារ​ទៀត​​ មាន​រថយន្តមួយ​គ្រឿង ខុនដូរ​មួយ​ល្វែង​ ព្រម​ទាំង​អត្ថប្រយោជន៍​ដទៃ​ទៀត។

ចំណែក​កិច្ចសន្យា​របស់ ចាន់ វឌ្ឍនាកា ជាមួយ​ក្លិប Fujieda MYFC សមាជិក​ពានរង្វាន់​លីគ​លំដាប់​ទី៣ (J3-league) នឹង​ផុត​​នៅថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ តែ​រូប​គេ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កំណើត​មុន​កិច្ចសន្យា​​ក្រោយ​ក្លិប​មួយ​នេះ​ អស់​​ការ​ប្រកួត​ប្រចាំ​រដូវកាល។ ប្រភព​ស្និត​នឹង​​កីឡាករ​រូប​នេះ ​បាន​បញ្ជាក់​ថា វឌ្ឍនាកា កំពុងទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិប​នៅ​ថៃ សិង្ហបុរី និង​នៅ​អឺរ៉ុប ផង​ដែរ ក្រៅ​ពី​ក្លិប​នៅ​ម៉ាឡេស៊ី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor