
ភ្នំពេញៈ ប្ដីប្រពន្ធពីរនាក់ បានចោទប្រកាន់ទៅបុរសពីរនាក់ថា បានលួចឆ្កែ ក៏ទាសសំដីគ្នាឈានទៅដល់ការទាញកូនកាំបិតដេញចាក់គ្នា ត្រូវបានបុរសទាំងពីរនាក់រត់មកប្ដឹងសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារសាមគ្គី ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនបង្កឈ្មោះ គើង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅភូមិសាគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ចំណែកប្រពន្ធឈ្មោះ ស្រី ពៅ អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅជាមួយគ្នា។ ចំណែកជនរងគ្រោះទី១ឈ្មោះ ឌិន វ៉ែវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ នៅផ្ទះជួលភូមិសាមគ្គី សង្កាត់ឫស្សី។ ទី២ ឈ្មោះ មាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ស្នាក់នៅជាមួយគ្នា។

តាមការរៀបរាប់ពីជនរងគ្រោះ បានប្រាប់ថា មុនពេលកើតហេតុរូបគេទាំងពីរនាក់ ត្រូវឆ្កែដេញខាំឃើញដូចច្នោះ រូបគាត់បានទាញដំបូងដេញវាយឆ្កែនោះវិញតែមិនត្រូវនោះទេ ក្រោយមកមិនឃើញឆ្កែនោះចូលផ្ទះ ស្រាប់តែជនបង្កមករករឿងចោទថា គាត់ជាអ្នកលួចឆ្កែ ក៏បានទាស់ពាក្យសំដីគ្នាឈានទៅដល់ទាញកូនកាំបិតដេញចាក់ ហើយរូបគាត់ទាំងពីរនាក់ បានរត់មកប៉ុស្តិ៍ឫស្សីកែវ ដើម្បីដាក់ពាក្យបណ្ដឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍ឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕



