
ព្រៃវែងៈ ក្រោយពីធ្លាយសារសំឡេងឆ្លើយឆ្លងរវាងអ្នកកាសែត និងកូនប្រុសថៅកែសិប្បកម្មឈើនៅស្រុកពារាំង ខេត្តព្រៃវែង ជុំវិញការយកឈ្មោះនាយករដ្ឋមន្រ្តី និងតំណាងរាស្រ្តមកពាក់ព័ន្ធនឹងបទល្មើស តំណាងរាស្រ្តមណ្ឌលព្រៃវែង លោក ស សុខា បានចេញមុខប្រតិកម្មភ្លាមៗតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា លោក និងនាយករដ្ឋមន្រ្តីមិនបានពាក់ព័ន្ធរឿងនេះទេ បន្ទាប់មកប៉ូលិសក៏បានចាប់ខ្លួនជនម្នាក់នោះផងដែរនៅព្រឹកថ្ងៃទី១៧ ធ្នូ ២០១៧ ក្រោយពីប្រមូលភស្តុតាងគ្រប់គ្រាន់។
ស្នងការរងនគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង លោក ពៅ ជីវី បានប្រាប់ CAM POST នៅព្រឹកថ្ងៃអាទិត្យទី១៧ ធ្នូ នេះថា ពិតជាមានការឃាត់ខ្លួនកូនថៅកែសិប្បកម្មឈើមែន។
ស្នងការរងរូបនេះ បញ្ជាក់ “ ព្រឹកមិញប្រហែលជាម៉ោង១០យើងបានសុំគោលការណ៍ពីព្រះរាជអាជា្ញសម្រេចឃាត់ខ្លួនកូនប្រុសថៅកែសិប្បកម្មឈើ បន្ទាប់ពីយើងហៅមកស្នងការដ្ឋាន “ ។
លោក ពៅ ជីវី បន្ថែមថា នៅថ្ងៃចន្ទយើងនឹងបញ្ជូនគាត់ទៅតុលាការជាមួយសំណុំរឿងមនុស្សឃាត ដែលអ្នកកាសែតបានប្តឹង។
ជនសង្ស័យ ត្រូវបានគេប្រាប់ថា ឈ្មោះ វី ចាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី១នៃ "សកលវិទ្យាល័យជាតិគ្រប់គ្រង"មានទីលំនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងត្រូវបានឃាត់ខ្លួននៅស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៧ ក្នុងករណីយកឈ្មោះថ្នាក់ដឹកនាំមកគំរាមអ្នកកាសែត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១រសៀល បន្ទាប់ពីឪពុកឈ្មោះ ប៊ី វី ជាម្ចាស់ដេប៉ូឈើ (វីបុល)ដែលមានទីលំនៅផ្ទះជាមួយ! មានទំនាស់ជាមួយអ្នកកាសែត ក្នុងករណីបញ្ជាឡានឈើឲ្យដេញបុកអ្នកកាសែត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ អ្នកកាសែត៣នាក់បានចុះថតយកព័ត៌មាននៅចំណុចដេប៉ូឈើមួយកន្លែង ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ក្រោយមកក៏មានការប៉ះទង្គិច បន្ទាប់ពីម្ចាស់សិប្បកម្មឈើនោះ បានបញ្ជាឲ្យកូនប្រុសបើករថយន្តដេញបុកអ្នកាសែត ប៉ុន្តែពួកគេមិនបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
លោក ខន ខេន ដែលជាជនរងគ្រោះម្នាក់ចំណោមអ្នកកាសែត៣នាក់ បានឲ្យដឹងថា មុនពេលកើតហេតុពួកលោកទាំងបីនាក់ បានចុះផ្តិតរូបភាពរថយន្តសាំយ៉ុងដឹកឈើតាមចិញ្ចើមផ្លូវលេខ៨A ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីថតផ្ដិតយករូបភាពពីដេប៉ូឈ្មោះ វីបុល ដែលនៅខាងជើងផ្លូវ រីឯពួកគាត់ឈរថតនៅខាងត្បូងផ្លូវក្បែររថយន្តរបស់ខ្លួន។
លោកបន្តថា នៅពេលដែលពួកលោកចុះពីលើរថយន្តភ្លាម ស្រាប់តែម្ចាស់ដេប៉ូខាងលើឃើញ ក៏បានស្រែកបញ្ជាឲ្យកូនចៅបើករថយន្តធុនធំដឹកឈើពណ៌ស មួយគ្រឿង ចេញពីដេប៉ូ រួចឆ្លងផ្លូវមកដេញបុកឈ្មោះ វ៉ាន់ ឈឿង និង ខាន់ និត ភ្លាមនោះអ្នកទាំងពីរបានគេចផុត ហើយរថយន្តក៏បន្តមកបុកលោក (ខន ខេន) ដែលកំពុងឈរនៅខាងត្បូងផ្លូវ បម្រុងថតផ្ដិតយករូបភាព បណ្ដាលឲ្យរងរបួសស្រាល។

ក្រោយកើតហេតុភ្លាមៗ អ្នកសារព័ត៌មានទាំងបីនាក់ ទី១ឈ្មោះ ខន ខេន ភ្នាក់ងារទូរទស្សន៍អនឡាញ ព្រះនរាយណ៍ប្រចាំខេត្តព្រៃវែង។ ២ឈ្មោះ ខាន់ និត ភ្នាក់ងារទូរទស្សន៍ អនឡាញ,នគរមាស និងទី៣ ឈ្មោះ វ៉ាន់ ឈឿង ភ្នាក់ទូរទស្សន៍ អនឡាញ ស្លឹករឹត បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលព្រៃព្នៅ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី លើថៅកែឈើឈ្មោះ វីបុល ដែលបានបញ្ជាកូនចៅប៉ុនប៉ងផ្ដាច់អាយុជីវិតពួកគាត់។
ចំណែកម្ចាស់ដេប៉ូឈើ វីបុល បានបដិសេធជុំវិញរឿងនេះ ដោយលោកបញ្ជាក់ថា មុនពេលកើតហេតុលោកបានបញ្ជាឲ្យតៃកុងឡានបើករថយន្តឆ្លងផ្លូវយកទៅសប់បញ្ចូលកង់ ដើម្បីដឹកឈើឲ្យគេ ខណៈអ្នកកាសែតទាំងបីនាក់មកឈរនៅទីនោះ៕


