
ថៃៈ យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន៣នាក់ បានស្លាប់ភ្លាមៗ ក្នុងចំណោមពួកគេទាំង៦នាក់ រហូតចាំបាច់ ត្រូវសមត្ថកិច្ចប្រើឧបករណ៍ ដើម្បីកាត់ទ្រុងរថយន្ត ក្នុងការទាញយកសពចេញ ខណៈពួកគេទាំងអស់គ្នា បានធ្វើដំណើរពីខ្សែបន្ទាយ់ព្រំដែនកម្ពុជា-ថៃ ទៅកាន់ទីក្រុងបាងកក ហើយត្រូវរថយន្តបើករេចង្កូតធ្លាក់ចេញពីផ្លូវ ដោយសារគេបានប្រើប្រាស់ល្បឿនលឿនពេក។
គ្រោះថ្នាក់ចរចារណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចក្បែមង្គលម៉ៃថៃ ស្ថិតក្នុងឃុំឆងកុំ ស្រុកវឌ្ឍនានគរ ខេត្តស្រះកែវ ប្រទេសថៃ ដែលបង្កឡើងដោយខ្លួនឯង គឺរថយន្តម៉ាកនីសាន់ ពណ៌ខ្មៅ ដែលបើកបរដោយជនជាតិថៃ ក្នុងទិសដៅឆ្ពោះទៅកាន់ទីក្រុងបាងកក ព្រមទាំងមានដឹកពលករខ្មែរចំនួន៥នាក់ផង។

តាមរបាយការសមត្ថកិច្ចថៃ បានឲ្យដឹងថា មុនពេលកើតហេតុ គឺគេសង្គេតឃើញរថយន្តមួយគ្រឿងខាងលើ បានបើកបរដោយប្រើប្រាស់ល្បឿនយ៉ាងលឿន លុះដល់ត្រង់ចំណុចកើតហេតុខាងលើ បានរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកគល់ឈើមួយដើមយ៉ាងពេញទំហឹង បណ្តាលឲ្យក្បាលរថយន្តរួញស្ទើរទាំងស្រុង។
ភ្លាមៗនោះដែរ សមត្ថកិច្ចថៃ បានចុះដល់ចំណុចកើតហេតុ ព្រមទាំងបានទាញយកជនរងគ្រោះទាំងអស់ចេញពីតួរថយន្ត ផ្ទុយទៅវិញ គឺយកបានតែប្រុសម្នាក់ ( អ្នកបើកបរថៃ) និងនារីពីរនាក់ ដែលជាពលករខ្មែរតែប៉ុណ្ណោះ ដោយឡែកពលករខ្មែរចំនួន៣នាក់ទៀត ដែលសុទ្ធតែប្រុសៗ ត្រូវបានជាប់ក្នុងតួរថយន្ត ដែលចាំបាច់ត្រូវធ្វើការវះកាត់ទ្រុងរថយន្ត ដើម្បីទាញយកសព ។ ជារួមគឺពលករខ្មែរស្លាប់៣នាក់ និងរបួសធ្ងន់២នាក់ ដោយឡែកជនជាតិថៃរបួសម្នាក់ គឺបច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យស្រុកវឌ្ឍនានគរហើយ រីឯសពក៏កំពុងស្រាវជ្រាវរកសាវតា ដើម្បីបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញដែរ ដោយសារតែបច្ចុប្បន្ននៅមិនទាន់ដឹងថា ពួកគេរស់នៅក្នុងខេត្តណានោះទេ៕







