
តារាកំប្លែង អ្នកនាង ប៉េង ប៉ោង កំពុងតែជួបការលំបាកព្រោះតែឪពុករបស់ខ្លួន គឺលោក វីតាមីនសេ មានជំងឺដុំសាច់មហារីកក្នុងថ្លើម និងជំងឺប្រចាំកាយជាច្រើន ដូចជា ដំបៅក្រពះកម្រិតធ្ងន់ និងជំងឺទឹកនោមផ្អែម ដែលធ្វើឲ្យជីវិតរបស់លោកស្ថិតក្នុងភាពគ្រោះថ្នាក់បំផុត។
ជាក់ស្ថែង កាលពីម្សិលមិញថ្ងៃទី១២ ខែធ្នូ ២០១៧ អ្នកនាង ប៉េង ប៉ោង បាននាំឪពុករបស់ខ្លួនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសថៃជាថ្មី ដោយលើកនេះគឺទៅដើម្បីចាក់ថ្នាំបង្រួម និងរំលាយសាច់ដុះក្នុងថ្លើម ដើម្បីបន្ថយភាពគ្រោះថ្នាក់ពេលធ្វើការវះកាត់។ ប៉ុន្តែប្រសិនបើសាច់ដុះក្នុងថ្លើមនោះមិនរួមតូចទេ និងត្រូវចាក់ថ្នាក់ជាថ្មីទៀត ដែលធ្វើឲ្យ អ្នកនាង ប៉េង ប៉ោង នឹងត្រូវចំណាយប្រាក់កាន់តែច្រើនឡើងៗ រួមមានដូចជា ការព្យាបាល ស្នាក់នៅ និងការធ្វើដំណើរ …។ល។
ទោះបីត្រូវជួបការលំបាកយ៉ាងណា ក្នុងនាមជាកូនស្រី អ្នកនាង ប៉េង ប៉ោង បានតាំងចិត្តនិងមើលថែព្យាបាលឪពុកខ្លួនឲ្យដល់ទីបញ្ចប់ និងអស់ចិត្ត ។ ក្នុងនោះកន្លងមកអ្នកនាង បានចំណាយប្រាក់ផ្ទាល់ខ្លួន និងប្រាក់មួយចំនួនទៀតគឺបានមកពីការជួយរបស់សប្បុរសជន។ នៅថ្ងៃខាងមុខ អ្នកនាងក៏មានគម្រោង លក់ឡានផ្ទាល់ខ្លួន និងខ្ចីលុយធនាគារខ្លះ ទុកសម្រាប់កការចំណាយលើការព្យាបាលរបស់អ្នកមានគុណខ្លួនផងដែរ។




