
រដ្ឋបាលរបស់ក្រុងព្យុងយ៉ាង នឹងមិនបន្ថយល្បឿនអភិវឌ្ឍន៍កម្មវិធីអាវុធប្រល័យលោករបស់ខ្លួននោះទេ ដោយថ្មីៗនេះ លោក គីម ជុងអ៊ុន ប្រធានាធិបតី កូរ៉េខាងជើង បានប្តេជ្ញាថា នឹងកសាងប្រទេសនេះ ឲ្យក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លាបំផុត នៅលើពិភពលោក។
បើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានឱ្យដឹងថា លោក គីម ជុងអ៊ុន បានប្រាប់ក្រុមការងារ បន្ទាប់ពីធ្វើតេស្តបាញ់ប្លោងមីស៊ីលផ្លោងជំនាន់ថ្មីរបស់ខ្លួនថា ប្រទេសជាតិរបស់លោក នឹងរីកចម្រើនទៅមុខប្រកបដោយភាពជោគជ័យ ហើយបោះជំហានឈានក្លាយទៅជាមហាអំណាចយោធា និងមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងជាងគេបង្អស់ នៅលើពិភពលោក។

ការប្តេជ្ញាយ៉ាងមុតមាំបែបនេះរបស់ លោក គីម ជុងអ៊ុន បានកើតមានឡើងគាប់ជួនពេលដែលប្រមុខការទូតអាមេរិក លោក រ៉ិច ធីល្លឺសុន បានបង្ហាញជំហរទន់ភ្លន់ជាងមុន ស្តីពីការបើកកិច្ចចរចាជាមួយកូរ៉េខាងជើង ដែលលែងតម្រូវឲ្យមានលក្ខខណ្ឌដោះដូរជាមុនទៀតឡើយ។

ការថ្លែងរបស់ លោក គីម ធ្វើឡើងនៅក្នុងសន្និសីទមួយ ដែលមានការចូលរួមពីក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញនានាក្នុងស្រុក ដែលកូរ៉េខាងជើងកំពុងលើកតម្កើង ដើម្បីអភិវឌ្ឍន៍វិស័យការពារជាតិរបស់ខ្លួន ដោយចាត់ទុកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចនេះ ជាការគំរាមកំហែងដល់ខ្លួនខ្លាំងបំផុត, ប៉ុន្តែសម្រាប់មហាជនទូទៅក្នុងលោកវិញ បានចាត់ទុកថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺកំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់អន្តរជាតិទាំងមូល ៕
